ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីសុីឈ្នួលមើលក្របីដេកស្លាប់ក្នុងក្រោលគោអ្នកភូមិផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងយប់ខណៈគេប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់នៅក្នុងក្រោលគោអ្នកភូមិហើយភ្លាមៗនោះក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យសពផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ស្ថិតនៅផ្ទះពលរដ្ឋម្នាក់ក្នុងភូមិចេក ឃុំសំរោង ស្រុកចន្រ្ទាខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាសពស្ត្រីខាងលើមានឈ្មោះ ទួក សារ៉ា អាយុ៤០ឆ្នាំ មុខរបរសុីឈ្នួលមើលក្របី  ឱ្យគេ គាត់មានទីលំនៅក្នុងភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបន្តថា តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានប្រាប់ថាមានមនុស្សដេកស្លាប់នៅក្នុងក្រោលក្របីរបស់ឈ្មោះ គង់ រ៉ាប់ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិចេក ឃុំសំរោងស្រុកចន្រ្ទា។

ក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចនគរបាលស្រុករួមជាមួយនគរបាលប៉ុស្តិ៍និងក្រុមគ្រូពេទ្យជំនាញមណ្ឌលមិត្តភាពកម្ពុជា-វៀតណាម(ទួលស្តី)  បានចុះធ្វើកោសល្យវិច័យហើយបានសន្និដ្ឋានថា ស្ត្រីខាងលើស្លាប់ដោយសារតែខ្យល់គរ និងមានសម្ពាធឈាមឡើងខ្ពស់ មិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។

សពត្រូវបានសមត្ថកិច្ចនគរបាលស្រុកប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន


ចែករំលែក៖