ខេត្តកណ្តាល៖ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់អាជ្ញាធរស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសមន្ទីរកសិកម្មខេត្តកណ្ដាល ត្រូវស្វែងរកទីផ្សារជូនបងប្អូនប្រជាកសិករនៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវចុះទៅបណ្ដុះបណ្ដាលដល់បងប្អូនប្រជាកសិករ នៅសហគមន៍ អំពីវិធីសាស្ត្របច្ចេកទេសក្នុងការដាំបន្លែ ការសម្លាប់សត្វល្អិតចង្រៃ និងការចិញ្ចឹមសត្វ។
លោកបណ្ឌិតប្រធានក្រុមប្រឹក្សាខេត្ត ជំរុញបែបនេះក្នុងឱកាសអញ្ជើញដឹកនាំប្រតិភូទៅទស្សនកិច្ចសិក្សាស្វែងយល់ការដាំបន្លែនៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ។
លោកបណ្ឌិតប្រធានក្រុមប្រឹក្សាខេត្តបន្តថា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ អាជ្ញាធរស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំផែនការក្នុងការដាំដុះដំណាំ និងការចិញ្ចឹមសត្វ ស្វែងរកធាតុចូលរួមមានគ្រាប់ពូជ ថ្នាំសម្លាប់សត្វល្អិត និងឧបករណ៍ផ្សេងៗ។ ជាងនេះទៅទៀតត្រូវសម្របសម្រួលស្វែងរកទីផ្សារជូនបងប្អូនប្រជាកសិករនៅក្នុងសហគមន៍ ដោយធ្វើការកៀរគរក្រុមហ៊ុននានា ដើម្បីទិញនូវកសិផលរបស់បងប្អូនប្រជាកសិករដែលផលិតបាននៅក្នុងសហគមន៍។
លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្មខេត្តកណ្ដាល បានឱ្យដឹងថា នៅទូទាំងស្រុកស្អាងមានផ្ទៃដីដាំបន្លែចំនួន៨.១៦៩ហិកតា មានសហគមន៍ចំនួន១២សហគមន៍ ដែលក្នុងមួយថ្ងៃស្រុកស្អាងអាចផលិតបន្លែជាមធ្យមបានចំនួន១១៥តោន៕
ដោយ៖ឆ ដា