ភ្នំពេញ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវចំពោះថ្នាក់ដឹកនាំ មន្ដ្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្ដល់សេវាទាំងអស់ ត្រូវចូលរួមគាំទ្រការអនុវត្ដគោលនយោបាយ គាំពារសង្គមរបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅសម្រេចបានគោលដៅរបស់រាជរដ្ឋាភិបាល តាមការកំណត់។
តាមរយៈសាលិខិត អបអរសាទរ ទិវាសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ បានអំពាវនាវចំពោះថ្នាក់ដឹកនាំ មន្ដ្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្ដល់សេវាទាំងអស់ ចូលរួមគាំទ្រការអនុវត្ដគោលនយោបាយ គាំពារសង្គមរបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅសម្រេចបានគោលដៅរបស់រាជរដ្ឋាភិបាល តាមការកំណត់។ ទន្ទឹមគ្នានេះតាមរយៈសាលិខិតដដែល សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអំពាវនាវដល់គ្រប់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្ដរជាតិ សូមជួយ និងបន្ដជួយវិនិយោគគាំទ្រ ដល់ការងារសុខភាពមាតា កុមារ និងទារក នៅកម្ពុជា។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សង្ឃឹម និងជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នឹងបង្កើនលទ្ធភាពថ្មីៗបន្ថែមទៀត ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើង នូវសា្ថនភាពសុខភាពមាតា ទារក និងកុមារនៅកម្ពុជា។
ក្នុងទិវាសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្ដល់អនុសាសន៍ក្នុងការថែទាំសុខភាពម្ដាយ និងកូន ក្នុងបរិបទ«រស់នៅធម្មតា»បែបគន្លងថ្មី៕
ដោយ៖ សុខ ខេមរា