ភ្នំពេញ ៖ មានគ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នាក្នុងគ្រាតែមួយ ដែលបង្កឡេីងដោយរថយន្តស៊េរីទំនេីបម៉ាក BUICK និងរថយន្តម៉ាក Toyota Prius បានបុករបាំងថ្មពុះចែកទ្រូងផ្លូវព្រះនរោត្ដមយ៉ាងពេញទំហឹងបណ្ដាលឲ្យដាច់កាឡេកង់មុខផ្នែកខាងឆ្វេងរងការខូចខាតដូចគ្នា ។
ករណីទី១ រថយន្តស៊េរីទំនើបម៉ាក BUICK មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-6981 បើកបរដឹកក្រុមគ្រួសារជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវព្រះនរោត្តម ត្រង់ចំណុចមុខសណ្ឋាគារតាយម៉េង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្ដាលឲ្យរថយន្តដាច់កាឡេកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច កាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកុម្ភៈឆ្នាំ ២០២១ ។
ករណីទី២ រថយន្តម៉ាក Toyota Prius ថ្មីសន្លាងមួយគ្រឿងមិនទាន់មានស្លាកលេខ បានបោះពួយទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវព្រះនរោត្ដម កែងផ្លូវសុធារស ត្រង់ចំណុចភ្លើងស្តុបចំការមន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្ដាលឲ្យរថយន្តដាច់កង់ម្ខាងរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១ និង១០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២១។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំងពីរខាងលេីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ តែក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿងខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់៕ ដោយ៖ ភារ៉ា ដង្កោ