ភ្នំពេញ៖ លោក នេត្រ ភក្រ្តា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ឲ្យដឹងនៅយប់ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២១ ថា, រូបទន្សោងហូរទឹកភ្នែកជាសត្វទន្សោងជាប់អន្ទាក់នៅក្នុងព្រៃសង្ឃរុក្ខាវ័នដែលក្រោយមកបានស្លាប់ដោយសារតែរបួសធ្ងន់ធ្ងរ ហើយរូបសត្វទន្សោងដេកស្លាប់ជារូបសត្វទន្សោងដែលបានជាប់អន្ទាក់និងត្រូវបានព្រានព្រៃចង្រៃបានបាញ់ទម្លុះបំពង់ក ហើយប្រឹងរត់មកស្លាប់នៅភូមិសាស្ត្រភូមិសែនរុងរឿងបី ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកបានថ្លែងថា, ពិតជាមានអារម្មណ៍ក្តុកក្តួលពេលឃើញប្រភេទសត្វកម្រនៅលើពិភពលោកទាំងនេះនៅតែទទួលរងនូវការគំរាមកំហែង បរបាញ់និងដាក់អន្ទាក់។ តើសត្វទាំងនេះឈឺចាប់យ៉ាងណា? សូមបងប្អូនប្រជាពលរដ្ឋនិយាយថាទេចំពោះការបរិភោគសាច់សត្វព្រៃដើម្បីបញ្ឈប់ការបរបាញ់ និងដាក់អន្ទាក់របស់ព្រាន។ បើសិននៅតែមានពលរដ្ឋខ្លះនិយមហូបសាច់សត្វព្រៃ នោះការបរបាញ់សត្វ ការដាក់អន្ទាក់នៅតែបន្ត! ទន្ទឹមនឹងការអនុវត្តច្បាប់ដ៏តឹងរឹង សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការ។ ក្នុងមួយឆ្នាំ យ៉ាងហោចអន្ទាក់ជាង ៤ ម៉ឺនត្រូវបានដោះចេញពីតំបន់អភិរក្ស ជួយសង្គ្រោះជីវិតសត្វព្រៃ ជាច្រើន៕
ដោយ៖សិលា