ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១គេមានការភ្ញាក់ផ្អើលខ្លាំងនៃការបង្ហាញមុខរបស់តារាចម្រៀង ដួង វីរៈសិទ្ធិ ដែលបាត់មុខពីការបញ្ចេញបទចម្រៀងនៅផលិតកម្មហង្សមាសប៉ុន្មានខែចុងក្រោយនេះបែរជាលេចមុខច្រៀងក្នុងផលិតកម្មរាមទៅវិញ។ ការបង្ហាញមុខនេះគឺចំថ្ងៃការប្រកាសបញ្ចេញបទចម្រៀងជាផ្លូវការរបស់តារាចម្រៀងមាស សុខសោភា ។
ទោះជាយ៉ាងណាការបង្ហាញមុខនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល និងពេញចិត្តជាខ្លាំងខណៈដែលអ្នកគាំទ្រពួកគេសុទ្ធតែទន្ទឹងរងចាំបទចម្រៀងថ្មី ហើយការបង្ហាញមុខព្រមគ្នារបស់តារាចម្រៀងល្បីឈ្មោះទាំងពីររូបនេះនៅផលិតកម្មថ្មីនេះនឹងជាឱកាសសាងភាពលេចធ្លោរបន្ថែមអមដោយការបញ្ចេញស្នាដៃថ្មីសម្រាប់អ្នកគាំទ្រ។ ក្រោយពីបញ្ចប់ការច្រៀងបទចម្រៀងថ្មី និងច្រៀងឆ្លើយឆ្លងរួមគ្នាជាមួយតារាចម្រៀងមាស សុខសោភា លោក ដួង វីរសិទ្ធិក៏ត្រូវបានប្រកាសជាតារាចម្រៀងនិងអ្នកនិពន្ធកុងត្រា នៅផលិតកម្មនេះផងដែរ។តារារូបនេះលើកឡើងថា លោកពិតជារីករាយដែលបានក្លាយជាតារាចម្រៀងនៅផលិតកម្មថ្មី ពិសេសបានរួមការងារជាមួយតារាចម្រៀងរៀមច្បងកញ្ញាមាស សុខសោភា ដែលលោករំពឹងថានឹងទទួលបានការពេញចិត្តពីអ្នកគាំទ្រ។
លោក ដួង វីរៈសិទ្ធិ គឺជាតារាចម្រៀងស្រស់សង្ហា និងធ្លាប់សាងស្នាដៃលេចធ្លោរជាច្រើននៅផលិតកម្មហង្សមាស។ ក្រៅពីជាអ្នកចម្រៀងលោកក៏ជាអ្នកនិពន្ធបទភ្លេងដ៏មានទេពកោសល្យមួយរូបផងដែរ។ ការលេចមុខក្នុងផលិតកម្មរាមរួមជាមួយកញ្ញា មាស សុខសោភានឹងកាន់តែធ្វើឲ្យផលិតកម្មនិងស្នាដៃដែលបញ្ចេញមកកាន់តែមានគុណភាព ស្របទៅតាមយុទ្ធសាស្ត្រ និងគោលបំណងរបស់ផលិតកម្មក្នុងការផលិតបទចម្រៀងមានគុណភាពដើម្បីចូលរួមផ្សព្វផ្សាយសិល្បៈខ្មែរទៅកាន់ពិភពលោក។ លោកថាមូលហេតុដែលលោកសម្រេចចិត្តចូលច្រៀងនិងនិពន្ធបទភ្លេងក្នុងផលិតកម្មរាម ព្រោះតែជាឱកាសនៃការផ្លាស់ប្តូរបទពិសោធន៍ថ្មី។ លោកក៏ដឹងដែរថាផលិតកម្មមានបំណងលើកកម្ពស់វិស័យសិល្បៈខ្មែរដោយពិតប្រាកដ៕
ដោយ៖វឌ្ឍនា