ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីអូស្ត្រាលី​ ចាប់ផ្ដើម​កម្មវិធី​ចាក់​សាំង​កូ​វីដ​-១៩ របស់ខ្លួន​ ដោយលោកស្ថិតក្នុង​ចំណោម​អ្នក​អាទិភាព​បាន​វ៉ាក់សាំង​មុនគេ

ចែករំលែក៖

អន្តរជាតិ​៖​ នាយករដ្ឋមន្ត្រីអូស្ត្រាលី​លោក ស្កុ​ត ម៉ូ​រី​សុន​ ប្រកាសចាប់ផ្ដើម​កម្មវិធី​ចាក់​សាំង​កូ​វីដ​-១៩ របស់ខ្លួន​ហើយ​ នៅ​ថ្ងៃទី​២១ ខែកុម្ភៈ​ ឆ្នាំ​២០២១នេះ​ ខណៈដែល​លោកស្ថិតក្នុង​ចំណោម​អ្នក​អាទិភាព​ដែល​ទទួលបាន​វ៉ាក់សាំង​ដូ​ស​ទី​មួយ មុន​ការចាប់ផ្ដើម​ទ្រង់ទ្រាយ​ទូទាំងប្រទេស​នៅ​ថ្ងៃ​បន្ទាប់​​។ ជាក់ស្ដែង​មុន​ការចាក់​នេះ គេ​ឃើញ​ថាមានការ​តវ៉ា​ផងដែរ ដោយ​ប្រជាជន​អូស្ត្រាលី​ខ្លះ​ជឿថា ការចាក់​វ៉ាក់សាំង​នេះ​ជាការ​តម្រូវ មិនមែន​ស្ម័គ្រចិត្ត​ឡើយ​។​

​លោក​ ស្កុ​ត ម៉ូ​រី​សុន ទទួល​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​អភិវឌ្ឍ​រួមគ្នា​ដោយ​ក្រុមហ៊ុន Pfizer BioNTech នៅឯ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ស៊ីដនី​។ រដ្ឋាភិបាល​អូស្ត្រាលី​ អះអាងថា ការចាក់​វ៉ាក់សាំង​ពី​សំណាក់​លោក ម៉ូ​រី​សុន ជាការ​បង្កើត​ការទុកចិត្ត​លើ​កម្មវិធី​ផ្ដល់​វ៉ាក់សាំង​រដ្ឋ​។ ប្រជាជន​វ័យ​ចំណាស់ ក្រុមគ្រូពេទ្យ និង​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន ស្ថិតក្នុង​ក្រុម​ដែល​ទទួល​វ៉ាក់សាំង​ដូ​ស​ទីមួយ​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ​។

បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បានចុះផ្សាយថា​ មុន​មនុស្ស​ដំបូង​ទទួលបាន​វ៉ាក់សាំង លោក ម៉ូ​រី​សុន និយាយថា អូស្ត្រាលី​បាន​បោះជំហាន​សំខាន់ៗ​។ មេដឹកនាំ​អូស្ត្រាលី​រូបនេះ​ បន្តថា ការចាក់​វ៉ាក់សាំង នឹង​ផ្ដោតលើ​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត និង​អ្នក​នៅ​ជួរមុខ​។

សូមជម្រាបថា​ រដ្ឋាភិបាល​អូស្ត្រាលី រំពឹងថា ប្រជាជន​ប្រមាណ​៤​លាន​នាក់ នឹង​ទទួលបាន​វ៉ាក់សាំង​នៅត្រឹម​ខែមីនា ដោយ​ផ្អែក​តាម​គោលការណ៍​ស្ម័គ្រចិត្ត​។ វ៉ាក់សាំង Pfizer ជាច្រើន​ម៉ឺន​ដូ​ស កំពុងស្ថិត​លើផ្លូវ​ទៅកាន់​មជ្ឈមណ្ឌល​នានា​នៅ​ទូទាំងប្រទេស​ដើម្បី​ចាក់ឱ្យ​ប្រជាជន​ចាប់ពី​ថ្ងៃទី​២២ ខែកុម្ភៈ​។ ក្រៅពី​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិក​នេះ អូស្ត្រាលី​ក៏​គ្រោង​ប្រើ​វ៉ាក់សាំង AstraZeneca ផងដែរ​។​

ដោយឡែក​ជុំវិញករណីនេះដែរ​​ ប្រជាជន​អូស្ត្រាលី​ខ្លះ ហាក់​នៅ​រារែក​ក្នុង​ការទទួល​វ៉ាក់សាំង​។ នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ប្រជាជន​អូស្ត្រាលី​មួយចំនួន​នៅ​ទីក្រុង Melbourne នាំគ្នា​ដើរ​តាមផ្លូវ​ដើម្បី​តវ៉ា​នឹង​អ្វីដែល​ពួកគេ​ជឿថា ការចាក់​វ៉ាក់សាំង​ដោយ​បង្ខំ​។ ការស្ទង់មតិ​មួយ​របស់​សាកលវិទ្យាល័យ​អូស្ត្រាលី​បង្ហាញថា ពលរដ្ឋ​អូស្ត្រាលី​ជិត​២២​ភាគរយ មិន​ចង់បាន​វ៉ាក់សាំង​ឡើយ​។​

​គួរបញ្ជាក់ថា​ អូស្ត្រាលី ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​ធ្វើ​បានល្អ​ក្នុងការ​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ ។ ប្រទេស​ដែលមាន​ប្រជាជន​សរុប​២៥​លាន​នេះ កត់ត្រា​ករណី​វិជ្ជមាន​ចំនួន​ជិត​២៩០០០​នាក់ និង​មាន​អ្នកស្លាប់​៩០៩​នាក់​។ អូស្ត្រាលី គ្មាន​ករណី​ឆ្លង​សូម្បីតែ​មួយចំនួន​ពីរ​ថ្ងៃ​ហើយ​ដែរ​៕ដោយ៖ស​ តារា​

នាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន ទទួលការចាក់វ៉ាក់សាំង

រូបភាព​៖ AFP


ចែករំលែក៖