អន្តរជាតិ៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន ប្រកាសចាប់ផ្ដើមកម្មវិធីចាក់សាំងកូវីដ-១៩ របស់ខ្លួនហើយ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ខណៈដែលលោកស្ថិតក្នុងចំណោមអ្នកអាទិភាពដែលទទួលបានវ៉ាក់សាំងដូសទីមួយ មុនការចាប់ផ្ដើមទ្រង់ទ្រាយទូទាំងប្រទេសនៅថ្ងៃបន្ទាប់។ ជាក់ស្ដែងមុនការចាក់នេះ គេឃើញថាមានការតវ៉ាផងដែរ ដោយប្រជាជនអូស្ត្រាលីខ្លះជឿថា ការចាក់វ៉ាក់សាំងនេះជាការតម្រូវ មិនមែនស្ម័គ្រចិត្តឡើយ។
លោក ស្កុត ម៉ូរីសុន ទទួលវ៉ាក់សាំងកូវីដ-១៩ ដែលអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន Pfizer BioNTech នៅឯមន្ទីរពេទ្យមួយក្នុងទីក្រុងស៊ីដនី។ រដ្ឋាភិបាលអូស្ត្រាលី អះអាងថា ការចាក់វ៉ាក់សាំងពីសំណាក់លោក ម៉ូរីសុន ជាការបង្កើតការទុកចិត្តលើកម្មវិធីផ្ដល់វ៉ាក់សាំងរដ្ឋ។ ប្រជាជនវ័យចំណាស់ ក្រុមគ្រូពេទ្យ និងមន្ត្រីរដ្ឋាភិបាលមួយចំនួន ស្ថិតក្នុងក្រុមដែលទទួលវ៉ាក់សាំងដូសទីមួយនៅថ្ងៃទី២១ ខែកុម្ភៈ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយថា មុនមនុស្សដំបូងទទួលបានវ៉ាក់សាំង លោក ម៉ូរីសុន និយាយថា អូស្ត្រាលីបានបោះជំហានសំខាន់ៗ។ មេដឹកនាំអូស្ត្រាលីរូបនេះ បន្តថា ការចាក់វ៉ាក់សាំង នឹងផ្ដោតលើអ្នកដែលងាយរងគ្រោះបំផុត និងអ្នកនៅជួរមុខ។
សូមជម្រាបថា រដ្ឋាភិបាលអូស្ត្រាលី រំពឹងថា ប្រជាជនប្រមាណ៤លាននាក់ នឹងទទួលបានវ៉ាក់សាំងនៅត្រឹមខែមីនា ដោយផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ វ៉ាក់សាំង Pfizer ជាច្រើនម៉ឺនដូស កំពុងស្ថិតលើផ្លូវទៅកាន់មជ្ឈមណ្ឌលនានានៅទូទាំងប្រទេសដើម្បីចាក់ឱ្យប្រជាជនចាប់ពីថ្ងៃទី២២ ខែកុម្ភៈ។ ក្រៅពីវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិកនេះ អូស្ត្រាលីក៏គ្រោងប្រើវ៉ាក់សាំង AstraZeneca ផងដែរ។
ដោយឡែកជុំវិញករណីនេះដែរ ប្រជាជនអូស្ត្រាលីខ្លះ ហាក់នៅរារែកក្នុងការទទួលវ៉ាក់សាំង។ នៅថ្ងៃទី២០ ខែកុម្ភៈ ប្រជាជនអូស្ត្រាលីមួយចំនួននៅទីក្រុង Melbourne នាំគ្នាដើរតាមផ្លូវដើម្បីតវ៉ានឹងអ្វីដែលពួកគេជឿថា ការចាក់វ៉ាក់សាំងដោយបង្ខំ។ ការស្ទង់មតិមួយរបស់សាកលវិទ្យាល័យអូស្ត្រាលីបង្ហាញថា ពលរដ្ឋអូស្ត្រាលីជិត២២ភាគរយ មិនចង់បានវ៉ាក់សាំងឡើយ។
គួរបញ្ជាក់ថា អូស្ត្រាលី ស្ថិតក្នុងចំណោមប្រទេសដែលធ្វើបានល្អក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ។ ប្រទេសដែលមានប្រជាជនសរុប២៥លាននេះ កត់ត្រាករណីវិជ្ជមានចំនួនជិត២៩០០០នាក់ និងមានអ្នកស្លាប់៩០៩នាក់។ អូស្ត្រាលី គ្មានករណីឆ្លងសូម្បីតែមួយចំនួនពីរថ្ងៃហើយដែរ៕ដោយ៖ស តារា
នាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន ទទួលការចាក់វ៉ាក់សាំង
រូបភាព៖ AFP