ខេត្តតាកែវ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សង្គ្រាមពាណិជ្ជកកម្មពិភពលោកដែលកំពុងកើតបច្ចុប្បន្ននេះ ពុំធ្លាប់មាននោះទេក្នុងរយៈពេលជិត១០០ឆ្នាំមកនេះ ដែលវាបង្កើតនូវបញ្ហាចម្បងៗមួយចំនួន។ ទោះយ៉ាងណា សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ជឿទុកចិត្តមកលើរាជរដ្ឋាភិបាល។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ ក្នុងខេត្តតាកែវ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដថ្លែងថា យើងធ្វើពាណិជ្ជកម្មគ្រប់ប្រទេសទាំងអស់ មិនរើសយកតែប្រទេសមួយណាទេ ពោលគឺយើងធ្វើការគ្រប់បណ្ដាញ ថែមទាំងនាំចេញគ្រប់មុខទំនិញទាំងអស់ដោយមិនពឹងផ្អែកតែទៅលើវិស័យទេសចរណ៍ វិស័យឧស្សាហកម្ម វិស័យកសិកម្មនោះទេ។ សម្ដេចធិបតីបានបន្តថា យើងត្រូវពង្រាយសក្ដានុពល និងទាញយកសក្ដានុពលរបស់ប្រទេសយើង ដើម្បីឱ្យបានរីកចម្រើនគ្រប់វិស័យ បង្កើតការងារគ្រប់ច្រកល្ហកជូនប្រជាពលរដ្ឋ ទាំងទីផ្សារក្នុងស្រុកនិងទីផ្សារក្រៅស្រុក ធ្វើយ៉ាងណាឱ្យយើងអាចបន្ដដើរទៅមុខបានទៀត។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទោះបីជាមានសង្គ្រាមពាណិជ្ជកម្ម ទទួលឥទ្ធិពលពីបញ្ហាផ្សេងៗទៀត រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានឹងនៅជាមួយប្រជាជនជានិច្ច ខិតខំរកវិធីសាស្ដ្រជួយជីវភាពប្រជាជន និងមិនរត់ចោលប្រជាជននោះទេ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ដើម្បីឲ្យបណ្ដាញសេដ្ឋកិច្ចកម្ពុជាកាន់តែមានការរីកចម្រើន ដូច្នេះការអភិវឌ្ឍមិនមែនធ្វើឡើងតែនៅរាជធានីភ្នំពេញនោះទេ ពោលត្រូវតែអភិវឌ្ឍន៍នៅគ្រប់ខេត្តទាំងអស់។
ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា គឺដើម្បីភ្ជាប់តំបន់ដែលមានសក្ដានុពលជាមួយគ្នាឲ្យបានគ្រប់ទីកន្លែង ទើបទាញផលត្រង់ដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់។ ជាក់ស្ដែង ផ្លូវទាំង៣ខ្សែ ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នេះ គឺជាបន្ថែមនូវបណ្តាញ ផ្លូវតភ្ជាប់ដ៏ប្រទាក់ក្រឡាគ្នានៅខេត្តភាគនិរតី។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការកសាងហេដ្ឋារចនាសម្ព័ន្ធនេះ ដើម្បីភ្ជាប់តំបន់សក្ដានុពលទាំងនោះ ដើម្បីពង្រាយ ប្រៀបដូចខ្លួនមនុស្សយើងទាល់តែសុខភាពល្អគ្រប់កន្លែង មិនអាចមុខស្រស់ តែខ្លួន ដៃជើង ស្វិតនោះទេ ត្រូវរីកទាំងអស់ឈាមត្រូវរត់ឲ្យដល់គ្រប់កន្លែងទើបខ្លួនយើងរឹងមាំ […] ប្រទេសយើងដូចគ្នា គ្រប់ខេត្ត គ្រប់ក្រុង គ្រប់ស្រុក គ្រប់ឃុំ គ្រប់ភូមិ ត្រូវតែរីកចម្រើនគ្រប់កោសិកាទាំងអស់ ទើបប្រទេសរីកចម្រើន មិនអាចរីកត្រឹមតែរាជធានីភ្នំពេញនោះទេ»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី, ដោយសារតែការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរីកចម្រើន និងការផ្ដល់នូវការអនុគ្រោះពីសំណាក់រាជរដ្ឋាភិបាល ទើបធ្វើឲ្យកម្ពុជាបានក្លាយទៅជាប្រទេសដែលជាគោលដៅវិនិយោគ និងទេសចរណ៍ ហើយអ្នកដែលទទួលបានផលខ្លាំងជាងគេ គឺប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននៃការអភិវឌ្ឍទាំងអស់នេះ។ នេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទាញនូវការចាប់អារម្មណ៍ទៀតថា សមិទ្ធផលខ្សែផ្លូវដ៏ថ្មីសន្លាងទាំងនេះ នឹងជួយសម្រួលដល់ការ ធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនផ្សេងៗ របស់ប្រជាពលរដ្ឋ ដែលនេះជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍទៅមុខឥតឈប់ឈរលើ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ប្រទាក់ក្រឡាពីតំបន់មួយទៅតំបន់មួយ ជាបន្តបន្ទាប់ នៅគ្រប់ទីកន្លែងទូទាំងប្រទេស៕
ដោយ ៖ សិលា