ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរម្នាក់ ដែលមានបញ្ហាខួរក្បាល ហើយស្នើមកខ្មែរវិញថ្ងៃមុននោះ ក្រោយត្រូវបានជួយសម្របសម្រួលពីក្រុមការងារស្ថានទូត ឥឡូវនេះអាចត្រឡប់ទៅស្រុកខ្មែរវិញហើយ

ចែករំលែក៖

       កូរ៉េខាងត្បូង៖ គេហទំព័រ(ខ្មែរនៅកូរ៉េ News) នៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានផ្សាយអោយដឹងថា, ករណីពលករខ្មែរយើងម្នាក់ ដែលមានបញ្ហាសតិអារម្មណ៍ ហើយក្រោយពីបានទទួលការជួយសម្របសម្រួលជាបន្តបន្ទាប់ពីបងប្អូនមិត្តភក្តិ និងក្រុមការងារនៃស្ថានទូតនោះ នៅថ្ងៃនេះ អាចធ្វើដំណើរវិលត្រឡប់ទៅស្រុកកំណើតនៅកម្ពុជាវិញហើយ ដោយមានការជូនដំណើរផ្ទាល់ពីក្រុមការងារស្ថានទូត និងមិត្តភក្តិមួយចំនួនផងដែរ។

សូមជំរាបជូនថា បុរសដែលមានបញ្ហាសតិអារម្មណ៍នេះ ឈ្មោះថា RORN MAKARA ជាពលករខ្មែរធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយបានមានបញ្ហាសតិអារម្មណ៍ខួរក្បាល ហើយនៅថ្ងៃទី២៦ ខែកុម្ភៈនេះ គាត់បានធ្វើដំណើរចេញពីប្រទេសកូរ៉េខាងត្បូង ឆ្ពោះត្រឡប់ទៅកាន់មាតុភូមិស្រុកកំណើតវិញហើយ ដើម្បីរស់នៅជាមួយគ្រួសារ ដោយមានការជូនដំណេីរពីមន្រ្តីស្ថានទូតខ្មែរប្រចាំនៅកូរ៉េ​ មិត្តរួមការងារ​ និង​មានបងប្អូនខ្មែរជាច្រើនទៀតដែលធ្វេីដំណេីររួមជាមួយផងដែរ។

ក្រោយពីទទួលបានការជួយសម្របម្រួលរួចរាល់ ក្រុមគ្រួសារពលករខាងលើ បានថ្លែងអំណរគុណយ៉ាងខ្លាំងទៅដល់ក្រុមការងារ និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងមើលថែទាំពលករខ្មែរជាប់ជានិច្ច។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃ ២២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ពលករខាងលើនេះបានប៉ុនប៉ងធ្វើអត្តឃាតភ្លាម ហើយក្រុមការងារស្ថានទូតក្រោយពីទទួលបានដំណឹងភ្លាម បានចាត់វិធានការបន្ទាន់មួយចំនួន ក្នុងការជួយសម្របសម្រួលដូចជា ឲ្យគាត់ទៅមន្ទីពេទ្យព្យាបាល ទំនាក់ទំនងទៅសាច់ញាតិ រៀបចំលិខិតបើកផ្លូវ រៀបចំអ្នកមើលថែគាត់រហូតដល់កម្ពុជា និងនីតិវិធីចាំបាច់នានា ដើម្បីជួយដល់ពលករខាងលើឲ្យវិលត្រលប់ទៅវិញដោយសុវត្ថិភាព។

ដោយឃើញនូវស្ថានការណ៍ល្អប្រសើររបស់បងប្រុសរូបនេះឡើងវិញយ៉ាងដូចនេះ បងប្អូនខ្មែរយើងជាជនរួមជាតិ ពិតជាមានភាពសប្បាយរីករាយ និង​សូមថ្លែងអំណរគុណដល់បងប្អូនខ្មែរនៅប្រទេសកូរ៉េជាច្រេីនដែលកន្លងមកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានជួយផ្តល់វិភាគទាន​ ជួយយកអាសារ​ និងបានទទួលការយកចិត្តទុកដាក់ពីស្ថានទូតកម្ពុជាក្នុងការសម្រួលឯកសារផ្សេងៗ និងការទំនាក់ទំនងទៅកាន់ភាគីពាក់ព័ន្ធជូនបងប្រុសផងដែរ​។

យើងទាំងអស់គ្នា សូមជូនពរអោយគាត់ឆាប់ជាពីជំងឺ​ តាំងចិត្តជាថ្មី​ ដេីម្បីអនាគតថ្មីលេីទឹកដីកំណេីត​ និង​សូមជូនពរដល់បងប្អូនទាំងអស់ដែលបានជួយគាត់​ សូមជួបប្រទះតែសំណាងល្អ​ សុខភាពល្អ​ និង​ រកសុីប្រកបការងារទទួលទានមានបាន​៕

ដោយ, សិលា


ចែករំលែក៖