ព័ត៌មានទាន់ហេតុការណ៍៖

ព្រហើនមែន ! ចោរប្លន់​ប្រដាប់​អាវុធ​ម្នាក់ ធ្វើ​សកម្មភាព​ចូល​បាញ់​ប្លន់ ទីតាំង Wing មួយ​កន្លែង​យីហោ «​ប៉េង សុខ​ចំរើន​» តែមិនបានសម្រេច ខណ:ម្ចាស់ Wing ឆក់យកកាំភ្លើងពីចោរ ដេញបាញ់ចោរវិញ !

ចែករំលែក៖

ភ្នំពេញ ៖ ពិតជាព្រហើនមែន ! មានចោរប្លន់​ប្រដាប់​អាវុធ​ម្នាក់ ធ្វើ​សកម្មភាព​ចូល​បាញ់​ប្លន់ ទីតាំង Wing មួយ​កន្លែង​យីហោ «​ប៉េង សុខ​ចំរើន​» មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ (​ចំណុច​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ​) ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៦ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី ២៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ។ ប៉ុន្តែការធ្វើសកម្មភាពនេះមិនបានសម្រេច រហូតដល់បន្សល់ទុកនៅកាំភ្លើងខ្លី១ដើម និងម៉ូតូ១គ្រឿង សម្រាប់ជាតម្រុយដែលសមត្ថកិច្ចអាចកំណត់មុខសញ្ញាបាន។

ប្រភពព័ត៌មានខ្លះបានបញ្ជាក់ថា នៅ​មុន​កើតហេតុ ចោរប្លន់​ម្នាក់​ខាងលើ ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស្គុ​ប​ពី ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ 1BX-5216 ចូល​ទៅ​ទីតាំងWing ខាងលើ រួច​ដក​កាំភ្លើងខ្លី​ម៉ាក កា​៥៩ ពី​ចង្កេះ​ធ្វើ​សកម្មភាព​ភ្ជង់​ទៅ​លើ​បុរស​ជា​ម្ចាស់​ទីតាំង​គំរាម​ប្លន់​យក​លុយ ។ លុះ​មិន​បាន​ប៉ុន្មាន​ផង ជនល្មើស​បាន​បាញ់​១​គ្រាប់ ប៉ង​សម្លាប់​ម្ចាស់​ទីតាំង តែ​គ្រាប់កាំភ្លើង មិន​ផ្ទុះ​! បណ្តាល​អោយ​បុរស​ជា​ម្ចាស់​ទីតាំង ស្ទុះ​ទៅ​វាយ​ប្រតាយប្រតប់​ជាមួយ​ជនល្មើស រហូត​ជ្រុះ​កាំភ្លើង និង​ដណ្តើម​បាន​កាំភ្លើង​ពី​ជនល្មើស​វិញ ជា​ហេតុ​ធ្វើ​អោយ​ជនល្មើស​ភ័យ​ស្ទុះ​រត់​ចេញពី​ទីតាំ ងWing ប៉ង​គេចខ្លួន យកតែព្រះអាយ៉ោស ព្រលឹងចុងសក់ បាត់ស្រមោល។

ភ្លាម​ៗ​នោះ បុរស​ជា​ម្ចាស់​ទីតាំង ក៏​បាន​កាន់​កាំភ្លើង​ដេញ​តាម និង​បាន​បាញ់​ទៅ​កាន់​ជនល្មើស​ចំនួន​១​គ្រាប់​ដែរ តែ​គ្រាប់កាំភ្លើង មិន​ផ្ទុះ​ទៀត (​ចំ​គ្រាប់​ស្អុយ​បាញ់​អត់​ផ្ទុះ​ដូច​គ្នា​) ជា​ហេតុ​ធ្វើ​អោយ​ជនល្មើស មានឱកាស​រត់​ដោយ​ថ្មើរជើង គេចខ្លួនចេញពីកន្លែងកើតហេតុយ៉ាងលឿនបំផុត។

ក្រោយ​កើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ រួម​ជាមួយ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​ដល់ទី​តាំង​ខាងលើ ដើម្បី​ពិនិត្យ និង​សាកសួរ​នាំ​ព័ត៌មាន ។ រួច​ហើយ​ក៏​បាន អ​ញ្ចើ​ញ​ម្ចាស់​ទីតាំង ទៅ​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ ដើម្បី​សាកសួរ​នាំ​បន្ថែម និង​ដាក់​ពាក្យបណ្តឹង​ផង​ដែរ ។
សកម្មភាពប្លន់ទីតាំង Wing ខាងលើនេះ គួរឱ្យប្រជាពលរដ្ឋអស់សំណើចផងដែរ ខណៈចោរបាញ់ជនរងគ្រោះមិនផ្ទុះ ហើយជនរងគ្រោះប្រតាយប្រតប់ ឆក់យកកាំភ្លើងបានមកវិញ តែបាញ់មិនផ្ទុះដូចគ្នា។ ចុងក្រោយចោររត់ចោលកាំភ្លើង ទាំងព្រលឹងចេញពីខ្លួនអស់រលីង៕

ដោយ៖ សិលា


ចែករំលែក៖