ខេត្តព្រះវិហារ៖ នៅថ្ងៃអង្គារ ទី ២ ខែមីនា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខជាលេីកទី៣ ព្រមទាំងនាំយកគ្រឿងបរិភោគមួយចំនួន និងថវិកាចំនួន ៥លានរៀល ផ្តល់ជូន លោកអនុសេនីយ៍ឯក នួន ធឿន នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៥ ដែលបានរងគ្រោះដោយសារជាន់មីនបណ្តាលដាច់ជើងទាំងពីរ កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បច្ចុប្បន្នកំពុងសម្រាកនៅគេហដ្ឋានជាមួយម្តាយចាស់ និងកូនទាំង ៣នាក់ (ទារកទេីបសម្រាលម្នាក់) នៅភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នៅក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងចូលរួមសោកស្តាយចំពោះឧប្បទ្ទវហេតុដែលបានកើតឡើង។ ជាមួយគ្នានេះ លោកស្រី បានផ្តាំផ្ញើសូមថែទាំសុខភាពឱ្យបានល្អ និងមានស្មារតីរឹងប៉ឹងក្នុងការទ្រទ្រង់ជីវភាពគ្រួសារ ជាពិសេសសូមអនុវត្ត ៣ការពារ ៣កុំ ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ក្រុមគ្រួសារអ្នករងគ្រោះ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ លេីកទឹកចិត្ត និងជួយសម្រាលការលំបាកជាបន្តបន្ទាប់។
សូមបញ្ជាក់ថា នេះជាលើកទី៣ ដែលកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមកផ្តល់ជូនគ្រួសារជនរងគ្រោះដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ ដែលអំណោយរួមមាន ៖ អង្ករ ៥០គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់ និងថវិកា ៥លានរៀល។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានឧបត្ថម្ភរទេះរុញសម្រាប់ជនមានពិការភាព ១គ្រឿង និងសន្យាសាងសង់ផ្ទះជូន ១ខ្នងផងដែរ៕
ដោយ៖សិលា