ព័ត៌មានទាន់ហេតុការណ៍៖

លាន់មាត់សរសើរពីរូបសម្រស់ និងសមត្ថភាពរបស់ លីវ ជីលី ក្រោយធ្វើដំណើរដល់ប្រទេសថៃ

ចែករំលែក៖

      ភ្នំពេញ៖ ថ្ងៃទី២ខែមីនាឆ្នាំ២០២១នេះ Miss Grand Cambodia 2020 កញ្ញា លីវ ជីលី Miss Grand Cambodia 2020 បានមកដល់ព្រះរាជាណាចក្រថៃហើយ។ ការស្វាមគមន៍ដំបូងរបស់ នាងក្រោយពីមកដល់ទីនេះគឺបានបង្ហាញសមត្ថភាព និងរូបសម្រស់ដ៏គួរឲ្យទាក់ទាញខ្លាំងប្រកបដោយទំនុកចិត្តរហូតធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរខ្លាំងថាពិតជាមិនធម្មតា។

លីវ ជីលីគឺជាអតីតកញ្ញាឯករងលំដាប់ទី២ បានក្លាយជាម្ចាស់មកុដ Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា និងកញ្ញា លឹម សុធាវីម្ចាស់តំណែងរងលំដាប់ទី១ បានសម្រេចចិត្តបោះបង់តំណែង ក្រោយលេចចេញភាពចម្រូងចម្រាស់ជាមួយក្រុមហ៊ុនផលិតកម្មវិធី។ នាងមានអាយុ២៤ឆ្នាំកម្ពស់១,៧០ម៉ែត្រ បញ្ចប់ការសិក្សាត្រឹមឆ្នាំទី៣នៃជំនាញហិរញ្ញវត្ថុធនាគារ  កញ្ញា លីវ ជីលី បានបន្តខិតខំប្រឹងប្រែងខ្លាំងលើការហ្វឹកហាត់ទាំងការឆ្លើយសំណួរ និងដើរម៉ូតដើម្បីបង្កើនទំនុកចិត្តលើការក្លាយជាម្ចាស់មកុដតំណាងប្រទេសចូលរួមព្រឹត្តិការណ៍ប្រកួតជាអន្តរជាតិមួយនេះបន្ទាប់ពីពិធីប្រកាសផ្ទេរតំណែងក្លាយជា ម្ចាស់មកុដកញ្ញាឯក Miss Grand 2020កាលពីចុងខែមករាឆ្នាំ២០២១មក ។ មុនពេលចាកចេញពីកម្ពុជាកញ្ញាឯកវ័យអាយុ២៤ឆ្នាំ ស្នើឲ្យមហាជនពិសេសអ្នកគាំទ្រវិស័យកញ្ញាឯកជួយផ្តល់ជាកម្លាំងចិត្ត បញ្ចេញមតិក្នុងន័យកែលម្អជាជាងការរិះគន់បែបជាន់ពន្លិច  និងបញ្ចប់ការគិតថាត្រឹមតែជាការចេញទៅប្រកួតដើម្បីជាការអមឆាក  ខណៈដែលពេលនេះនាងក៏ត្រូវការកម្លាំងចិត្តដើម្បីបន្តពង្រឹងសមត្ថភាពឲ្យកាន់តែល្អប្រសើរតាមតែអាចធ្វើទៅបាន។ ពេលនេះនាងបានធ្វើដំណើរទៅដល់ព្រះរាជាណាចក្រថៃ ហើយគេក៏បានឃើញកញ្ញា​ឯកពីកម្ពុជារូបនេះបានបញ្ចេញវីដេអូទៅកាន់អ្នកផលិតកម្មវិធី ដោយការនិយាយជាភាសាអង់គ្លេស លាយគ្នានឹងភាសាថៃ ក្នុងការស្វាមគន៍ ថ្លែងអំណរគុណសម្រាប់ការស្វាគមន៍របស់អ្នកផលិតកម្មវិធី និងផ្ញើសារអរគុណទៅកាន់អ្នកគាំទ្រដែលបានជូនពរនាងផងដែរ។ អ្វីដែលគេចាប់អារម្មណ៍នោះគឺរូបសម្រស់របស់នាងកាន់តែស្រស់ស្អាតប្លែកគួរឲ្យទាក់ទាញ ហើយសមត្ថភាពនៃការដើរបង្ហាញម៉ូតរបស់នាងក៏បានវិវឌ្ឍន៍លឿន​គួរឲ្យសរសើរផងដែរ។ តាមការគ្រោងទុករបស់កម្មវិធីបេក្ខភាពកញ្ញាឯកទាំងអស់នឹងមកដល់ព្រះរាជាណាចក្រថៃនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ ហើយពួកគេនឹងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ រហូតដល់ថ្ងៃទី១៥ទើបចាប់ផ្តើមកម្មវិធីសន្និសីទសារព័ត៌មានប្រកាសបើកកម្មវិធីរួមគ្នា និងថ្ងៃបន្ទាប់គឺជាកម្មវិធីទស្សនកិច្ច។ កម្មវិធីប្រកួតឈុតហែលទឹកនឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែមីនានេះបន្តបន្ទាប់ដោយវគ្គកិច្ចសម្ភាសន៍ប្រកួតឈុតតំណាងជាតិ ការសមឆាកនិងបញ្ចប់កម្មវិធីដោយការប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃទី២៧ ខែមីនាឆ្នាំ២០២១។

លេចចេញសារគាំទ្រ និងលើកទឹកចិត្ត លីវ ជីលីជាច្រើនពីអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជា ដែលក្នុងនោះក៏មានទាំងសិល្បករ ប្រធានសមគមន៍សិល្បករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណា ជាដើម។ អ្នកគាំទ្រពីកម្ពុជានៅតែលើកទឹកចិត្តនាងពីចម្ងាយ  ដែលរំពឹងថានាងនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីបង្ហាញសមត្ថភាព អត្តសញ្ញាណជាតិខ្មែរនៅលើឆាកអន្តរជាតិ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖