ព័ត៌មានទាន់ហេតុការណ៍៖

ខ្ចីម៉ូតូមិត្តភក្ដិមួយភ្លែតបែរជាយកទៅលក់តម្លៃ៥៥០ដុល្លារ ត្រឡប់មកដេកផ្ទះសំណាក់ជាប់ខ្នោះល្មម

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ កំពុងបំពេញសំណុំឯកសារបញ្ជូនបន្តទៅតុលាការ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ខណៈជនសង្ស័យ១នាក់ខ្ចីម៉ូតូមិត្តភក្ដិមួយភ្លែត បែរជាជិះយកទៅលក់ដល់ព្រំដែនកម្ពុជា.ថៃ ក្នុងតម្លៃចំនួន៥៥០ដុល្លារអាមេរិក វិលត្រឡប់មកដេកផ្ទះសំណាក់នៅក្រុងពោធិ៍សាត់វិញ ។

ករណីឃាត់ខ្លួនជនសង្ស័យខ្ចីម៉ូតូមិត្តភក្ដិយកទៅលក់ខាងលើ ធ្វើឡើងវេលាម៉ោង៧ និង០៩នាទី យប់ថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះសំណាក់យីហោ(ផាសុខភាព)ស្ថិតនៅភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។

មន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហុឹម គីរី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដូង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ចំណែកវត្ថុតាង(ម៉ូតូ)ដែលជនសង្ស័យខ្ចីហើយយកទៅលក់ម៉ាក ឌូក ពណ៌ខ្មៅលាយ.ស ពាក់ស្លាកលេខ ភ្នំពេញ 1FT- 9289 ។

មន្រ្តីនគរបាលដដែលបន្តទៀតថា ម្ចាស់ម៉ូតូឈ្មោះ ញឹក ឈុនឡា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូររកា សង្កាត់ចំរើនផល ក្រុង.ខេត្តពោធិ៍សាត់ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ខ្លួន និងជនសង្ស័យជាមិត្តភក្តិទើបនឹងស្គាល់គ្នាមួយរយៈខ្លីនេះទេ លុះរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ស្ថិតនៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ជនសង្ស័យ(ហុឹម គីរី)បានខ្ចីម៉ូតូរបស់ខ្លួនមួយភ្លែត ក៏បាត់រហូតដល់ថ្ងៃចាប់ខ្លួននេះតែម្ដង ។

ប្រភពបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យ(ហុឹម គីរី)បានសារភាពចំពោះមុខសមត្ថកិច្ច ម៉ូតូដែលខ្លួនបានខ្ចីជិះយកទៅលក់នៅព្រំដែនកម្ពុជា.ថៃ នៃឃុំថ្មដា ស្រុកវាលវែង ក្នុងតម្លៃចំនួន៥៥០ដុល្លារអាមេរិក បច្ចុប្បន្ន ករណីនេះសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌកំពុងមមាញឹកបន្តនីតិវិធី ៕

ដោយ៖បុឹម ពិន


ចែករំលែក៖