ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាភ្លាមៗដល់អភិបាលខណ្ឌទាំង១៤ឱ្យចាប់ផ្តើមស្រង់ស្ថិតិមនុស្សចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ដែលកំពុងរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អាស់ស្ត្រាហ្សេណេការ(Astra Zeneca) ដែលផលិតនៅប្រទេសឥណ្ឌាក្នុងពេលឆាប់ៗ។
លោក ឃួង ស្រេង បានណែនាំបែបនេះក្នុងកិច្ចប្រជុំបន្ទាន់មួយនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ដែលមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងកិច្ចប្រជុំ ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ព្រមទាំងចៅសង្កាត់ជួយសម្រួលក្នុងការផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ដើម្បីអាចឱ្យគាត់ទទួលបានសេវាចាក់ថ្នាំការពារជំងឺកូវីដ-១៩ ដោយរលូន។
សូមបញ្ជាក់ថា កម្ពុជាមកទល់នឹងពេលនេះ ទើបទទួលបានវ៉ាក់សាំងស៊ីណូហ្វាមចំនួន៦០ម៉ឺនដូស ជាអំណោយរបស់ប្រទេសចិន និងវ៉ាក់សាំង AstraZeneca ចំនួន៣២ម៉ឺន៤ពាន់ដូស ជាវ៉ាក់សាំងក្នុងក្របខ័ណ្ឌរបស់មជ្ឈមណ្ឌលកូវ៉ាក់។ កម្ពុជា ត្រៀមនឹងទទួលវ៉ាក់សាំងជំនួយស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូសទៀតពីប្រទេសចិន ដែលរំពឹងថានឹងមកដល់ប្រទេសកម្ពុជានៅមុនថ្ងៃចូលឆ្នាំខ្មែរ។ ដោយឡែកចំពោះវ៉ាក់សាំងAstraZeneca ពីមជ្ឈមណ្ឌលកូវ៉ាក់ កម្ពុជារំពឹងថានឹងទទួលបាន ប្រមាណ២០ភាគរយនៃចំនួនប្រជាជន ១៦លាននាក់ ដែលស្មើនឹង ៣លាន២សែននាក់ ឬស្មើនឹងវ៉ាក់សាំងចំនួន ៦លាន៤សែនដូស។ កម្ពុជា ក៏កំពុងស្វែងរកវ៉ាក់សាំងចាក់បង្ការកូវីដ-១៩ រហូតដល់ ២០លានដូសដើម្បីការចាក់លើពលរដ្ឋខ្មែរចំនួន១០លាននាក់ ដោយឥតគិតថ្លៃ ដែលផ្អែកតាមចំនួននោះ អាចបានប្រមាណ២ភាគ៣ នៃចំណោមប្រជាពលរដ្ឋខ្មែរទាំងមូល៕
ដោយ៖សំរិត