អន្តរជាតិ៖ បេីតាមទីភ្នាក់ងារព័ត៌មានReuters បានចុះផ្សាយថា៖ ព្រឹទ្ធសភាអាមេរិក អនុម័តសេចក្តីព្រាងច្បាប់ថវិកា ដែលមានទំហំ១,៩ទ្រីលានដុល្លាររបស់លោកចូ បៃឌិន ប្រធានាធិបតីអាមេរិក។ ក្នុងសេចក្តីព្រាងច្បាប់នេះដែរ ទទួលបានការគាំទ្រទាំងស្រុងពីសមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ ខណៈសមាជិកព្រឹទ្ធសភាបក្សសាធារណៈរដ្ឋទាំងអស់ជំទាស់។ ជាក់ស្ដែងការផ្តល់ប្រាក់សង្គ្រោះបន្ថែម គឺជាផ្នែកមួយនៃការសន្យាររបស់លោកបៃឌិន កាលនៅជាបេក្ខជនប្រធានាធិបតី។
ទីភ្នាក់ងារReuters បន្ថែមថា សេចក្តីព្រាងច្បាប់ដែលអនុម័តដោយព្រឹទ្ធសភាអាមេរិកនេះ រួមមាន៖ ការផ្តល់ប្រាក់ចំនួន១,៤០០ដុល្លារដល់ប្រជាជនមួយភាគធំ ប្រាក់ចំនួន៣០០ដុល្លារបន្ថែមក្នុងមួយសប្តាហ៍សម្រាប់អ្នកគ្មានការងារធ្វើ៩,៥លាននាក់បណ្តាលមកពីជំងឺកូវីដ-១៩ និងប្រាក់ចំនួន៣៥០ពាន់លានដុល្លារដល់រដ្ឋបាលតំបន់ដែលរងផលប៉ះពាល់។
សូមជម្រាបថា ព្រឹទ្ធសភាអាមេរិកអនុម័តសេចក្តីព្រាងច្បាប់នេះ ដោយសំឡេងគាំទ្រ៥០មកពីបក្សប្រជាធិបតេយ្យ ទល់នឹង៤៩មកពីបក្សសាធារណៈរដ្ឋ។ ក្រោយសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តភ្លាម តំណាងរាស្ត្របក្សសាធារណៈរដ្ឋមួយភាគធំដើរចេញពីសាលប្រជុំនៃព្រឹទ្ធសភា។ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅសភាតំណាងដើម្បីអនុម័ឡើងវិញដោយមានការកែប្រែលើមាត្រាមួយចំនួន។ ក្រោយអនុម័តនៅសភាតំណាងដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ សេចក្តីព្រាងច្បាប់នេះនឹងត្រូវចុះហត្ថលេខាដោយលោកប្រធានាធិបតីបៃឌិន។
ប៉ុន្តែទោះជាយ៉ាងណាក្តី សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តក្រោយការជជែកពិភាក្សា និងចរចាគ្នាអស់រយៈពេលជិត១២ម៉ោង។ ហើយសមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ ត្រូវបញ្ចុះបញ្ចូលគ្នាឯងឱ្យបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់នេះ ជាពិសេសសមាជិកព្រឹទ្ធសភាដែលមានជំហរកណ្តាលនិយម និងមកពីរដ្ឋដែលគាំទ្រលោកអតីតប្រធានាធិបតីដូណាល់ ត្រាំ។ ចំណែកឯសមាជិកព្រឹទ្ធសភាបក្សសាធារណៈរដ្ឋវិញព្យាយាមកែប្រែផ្នែកខ្លះនៃសេចក្តីព្រាងច្បាប់នេះ ប៉ុន្តែបរាជ័យ។
ដោយឡែកជំងឺឆ្លងសកលកូវីដ-១៩ បានបណ្តាលឱ្យពលរដ្ឋអាមេរិកចំនួន៥សែន២ម៉ឺននាក់ស្លាប់ នឹងបាត់បង់ការងារចំនួន៩,៥លាននាក់។ រហូតមកដល់ពេលនេះរដ្ឋបាលលោក ចូ បៃឌិន ពុំទាន់អាចបង្កើតការងារទាំងនោះនៅឡើយទេ។
គួរជម្រាបដែរថា ផ្នែកមួយដែលជាចំណុចចម្រូងចម្រាសនៃសេចក្តីព្រាងច្បាប់នេះ គឺប្រាក់សម្រាប់អ្នកគ្មានការងារធ្វើ។ ដំបូងឡើងសមាជិកព្រឹទ្ធសភាចង់ផ្តល់ប្រាក់ចំនួន៤០០ដុល្លារក្នុងមួយសប្តាហ៍ ប៉ុន្តែទម្លាក់មកត្រឹម៣០០ដុល្លារក្នុងមួយសប្តាហ៍ក្រោយការចរចារ។ សេចក្តីព្រាងច្បាប់ ក៏លើកឡើងផងដែរពីការកំណត់ប្រាក់ឈ្នួលអប្បរមា១៥ដុល្លារក្នុងមួយម៉ោង ប៉ុន្តែព្រឹទ្ធិសភាបដិសេធចំណុចមួយនេះ។
សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ ប្រើនីតិវិធីពិសេសក្នុងការបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់នេះ។ បើសមាជិកព្រឹទ្ធសភាមិនប្រើប្រាស់នីតិវិធីពិសេសនេះទេ ព្រឹទ្ធសភាត្រូវរកសំឡេងឱ្យបាន៦០លើ១០០ក្នុងការបោះឆ្នោតអនុម័តច្បាប់។ ព្រឹទ្ធសភាអាមេរិក ដែលមានសមាជិក១០០នាក់ មាន៥០មកពីបក្សប្រជាធិបតេយ្យ និង៥០មកពីបក្សសាធារណៈរដ្ឋ។
គួរបញ្ជាក់ថា បក្សសាធារណៈរដ្ឋ ដំបូងឡើងគាំទ្រកញ្ចប់ថវិកាសង្គ្រោះដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងស្រោចស្រង់សេដ្ឋកិច្ច។ ប៉ុន្តែក្រោយពេលបក្សប្រជាធិបតេយ្យគ្រប់គ្រងទាំងរដ្ឋសភា ព្រឹទ្ធសភា និងសេតវិមា បក្សសាធារណៈរដ្ឋរិះគន់ថាកញ្ចប់ថវិកាមានទំហំធំជ្រុលហួសហេតុ៕ដោយ៖ស តារា
រូបថត៖អាគារសភាតំណាង និងព្រឹទ្ធសភាអាមេរិក
រូបភាព៖AFP