វិមានក្រឹមឡាំងបាននិយាយថា ខ្លួននឹងពិភាក្សាជាមួយសហរដ្ឋអាមេរិកនូវដំណោះស្រាយដោយសន្តិវិធីសម្រាប់អ៊ុយក្រែន និងការធានាសុវត្ថិភាពនៃការដឹកជញ្ជូននៅសមុទ្រខ្មៅនៅថ្ងៃទី 24 ខែមីនា។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី 20 ខែមីនា ជំនួយការរបស់វិមានក្រឹមឡាំង លោក Yuri Ushakov បានបញ្ជាក់ថា ការចរចាបន្ទាប់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិកស្តីពីសង្គ្រាមនៅអ៊ុយក្រែននឹងប្រព្រឹត្តទៅនៅថ្ងៃទី 24 ខែមីនា។ លោកសង្ឃឹមថាជំនួបនៅអារ៉ាប៊ីសាអូឌីតនឹងជោគជ័យខ្ពស់ជាងមុន។
ព័ត៌មាននេះត្រូវបានចេញផ្សាយបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងលោក Ushakov និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក Mike Waltz។
មុននេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា “យើងសង្ឃឹមថាការចរចានឹងបន្តនៅកម្រិតអ្នកជំនាញ ហើយនឹងប្រព្រឹត្តទៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ”។
កាលពីដើមសប្តាហ៍នេះ បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បាននិយាយថា កិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ីនឹងធ្វើឡើងនៅថ្ងៃអាទិត្យនេះ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
ស្រដៀងគ្នានេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា គណៈប្រតិភូទីក្រុងគៀវ នឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុង “ថ្ងៃខាងមុខ” ដើម្បីពិភាក្សាអំពីជំហានបន្ទាប់ជាមួយគណៈប្រតិភូអាមេរិក៕ ដោយ៖ ធីរីណា
រូបថត៖ AFP