យោងតាមក្រឹត្យថ្មីរបស់ប្រធានាធិបតី រុស្សុីបានឱ្យដឹងថា ពលរដ្ឋអ៊ុយក្រែននៅក្នុងប្រទេសរុស្ស៊ីនឹងត្រូវធ្វើឱ្យស្របច្បាប់នូវការស្នាក់នៅរបស់ពួកគេ ឬចាកចេញពីប្រទេសរុស្ស៊ី។
ពលរដ្ឋអ៊ុយក្រែនដែលរស់នៅក្នុងប្រទេសរុស្ស៊ីដោយគ្មានឯកសារស្នាក់នៅត្រឹមត្រូវ នឹងត្រូវផ្តល់ពេលតិចជាងប្រាំមួយខែ ដើម្បីផ្តល់ភាពស្របច្បាប់ដល់ការស្នាក់នៅ ឬចាកចេញពីប្រទេស នេះបើយោងតាមក្រឹត្យដែលចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃទី 20 ខែមីនា។
ពលរដ្ឋអ៊ុយក្រែនដែលចុះឈ្មោះជាមួយក្រសួងមហាផ្ទៃរុស្ស៊ីតាមរយៈការចុះឈ្មោះជាកាតព្វកិច្ច ការថតរូប និងស្នាមម្រាមដៃនឹងមិនត្រូវបានចាត់ទុកថាបានរំលោភលើច្បាប់នៃការស្នាក់នៅក្នុងប្រទេសរុស្ស៊ីរហូតដល់ថ្ងៃទី 10 ខែកញ្ញា នេះបើយោងតាមក្រឹត្យថ្មីនេះ។ ហេតុផលផ្លូវច្បាប់មួយសម្រាប់ពលរដ្ឋអ៊ុយក្រែនរស់នៅក្នុងប្រទេសរុស្ស៊ីគឺត្រូវមានការងារស្របច្បាប់ ឬចុះឈ្មោះក្នុងកម្មវិធីអប់រំរុស្ស៊ី។ ក្រឹត្យនេះចូលជាធរមានភ្លាមៗ។
ក្រសួងសុខាភិបាលរុស្ស៊ីបានទទួលភារកិច្ចក្នុងការផ្តល់ជូនជនចំណាកស្រុកអ៊ុយក្រែនដែលគ្មានឯកសារជាមួយនឹងការពិនិត្យសុខភាព និងការចុះឈ្មោះមុនថ្ងៃផុតកំណត់។ ដំណើរការទិដ្ឋាការស្ដង់ដាររបស់ប្រទេសរុស្សីតម្រូវឱ្យធ្វើតេស្តវេជ្ជសាស្រ្តដើម្បីបញ្ជាក់ថាមនុស្សមិនមានពាក់ព័ន្ធគ្រឿងញៀន និងជំងឺកាមរោគ ដូចជាមេរោគអេដស៍ជាដើម។
លើសពីនេះទៀត ការសម្រេចចិត្តនេះអនុវត្តចំពោះពលរដ្ឋបរទេសទាំងអស់ និងជនគ្មានរដ្ឋនៅក្នុងតំបន់ Zaporozhye, Kherson, Donetsk និង Lugansk ដែលបានចូលរួមជាមួយប្រទេសរុស្ស៊ីនៅរដូវស្លឹកឈើជ្រុះឆ្នាំ 2022។ យោងតាមក្រឹត្យថ្មី មនុស្សទាំងអស់ក្នុងក្រុមនេះត្រូវតែឆ្លងកាត់ការធ្វើតេស្តវេជ្ជសាស្រ្តដើម្បីបញ្ជាក់ថាពួកគេមិនប្រើប្រាស់ថ្នាំខុសច្បាប់ ឬមានផ្ទុកមេរោគអេដស៍ត្រឹមថ្ងៃទី 10 ខែមិថុនា។
ឯកសារចែងថានិយោជកនៅក្នុងតំបន់ថ្មីរបស់រុស្ស៊ីអាចបន្តជួលពលរដ្ឋបរទេសបាន ប៉ុន្តែត្រូវចុះឈ្មោះកម្មកររបស់ពួកគេជាមួយក្រសួងមហាផ្ទៃ។ ទិដ្ឋាការ និងលិខិតអនុញ្ញាតស្នាក់នៅបណ្តោះអាសន្នណាមួយដែលផ្តល់ដល់ក្រុមកម្មករនេះនឹងត្រូវបានបន្តសម្រាប់រយៈពេលនៃកិច្ចសន្យាការងារបច្ចុប្បន្នរបស់ពួកគេ ប៉ុន្តែមិនលើសពីដំណាច់ឆ្នាំនេះទេ៕ ដោយ៖ ធីរីណា
រូបថត៖ RIA