ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កន្លងមក មានការចោទប្រកាន់ថា រាជរដ្ឋាភិបាល អស់ថវិកា ដែលការលើកឡើងបែបនេះ មិនមែន ជាការពិតនោះទេ ព្រោះថា រាជរដ្ឋាភិបាលនៅរក្សាបាននិរន្តរភាពកញ្ចប់ថវិកាជាតិសម្រាប់ចំណាយការអភិវឌ្ឍប្រទេស និងបើកប្រាក់បៀវត្សជូនមន្ត្រីរាជការតាមតម្រូវការផងដែរ។
ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុនសែន សេរីភាព នៅក្រុងតាខ្មៅខេត្តកណ្តាល នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តការបើកប្រាក់បៀវត្សជូនមន្រ្តីរាជការ២ដងក្នុងមួយខែ ដោយពុំមានការយឺតយ៉ាវនោះទេ។ លើសពីនេះ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ រាជរដ្ឋាភិបាល នឹងបើកផ្តល់ប្រាក់បៀវត្សប្រចាំខែមេសា តែមួយលើក ជូនមន្រ្តីរាជការឱ្យបានមុនថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បូករួមនឹងប្រាក់ឧបត្ថម្ភបន្ថែម ៥ម៉ឺនរៀលថែមទៀតដល់មន្រ្តីរាជការទូទាំងប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល គ្រប់គ្រងថវិកាបានច្បាស់លាស់ណាស់ មិនមែនគ្រប់គ្រងតាមបែបកញ្ជើធ្លុះនោះទេ។ ម្យ៉ាងទៀតនោះ បើសិនជារាជរដ្ឋាភិបាល ខ្វះថិវកាមែននោះ នោះពិតជាមិនអាចបើកផ្តល់ប្រាក់បៀវត្សជូនមន្រ្តីរាជការយ៉ាងទៀតទាត់យ៉ាងនេះបានទេ៕
ដោយ ៖ សិលា