ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីសម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន សក្តិសមទទួលបានឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥?

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កន្លងមកឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ មានតែ២រូបប៉ុណ្ណោះ គឺរូបសម្ដេចតេជោផ្ទាល់ និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន។ សម្ដេចបានបន្ដថា មកដល់ថ្ងៃនេះ កម្ពុជានឹងមាន២រូបទៀតដែលទទួលបាន គឺសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។

ថ្លែងនៅក្នុងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា ការសម្រេចផ្ដល់ជូនឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នាពេលនេះ គឺដើម្បីឆ្លើយតបទៅនឹងគុណបំណាច់របស់សម្ដេចទាំងពីរដែលបានធ្វើកិច្ចការបម្រើជាតិមាតុភូមិ។

សម្ដេចតេជោ បានមានប្រសាសន៍បន្ថែមទៀតថា ប្រសិនបើនិយាយអំពី រាជានិយម  មកដល់ពេលនេះ សម្ដេចទាំងពីរបានរួមចំណែកក្នុងការបង្កើតរបបរាជានិយមឡើងវិញ ពោលគឺសម្ដេចទាំងទ្វេសុទ្ធតែបានចូលរួមយ៉ាងសស្រាក់សស្រាំទាំងនៅដំណាក់កាលចាប់ផ្ដើមការចចារ, ការតាក់តែងរដ្ឋធម្មនុញ្ញ និងការការពារព្រះមហាក្សត្រ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណឥស្សរជនទាំងពីរ ដែលបានរួមដំណើរជាមួយសម្ដេចនិងឥស្សរជនដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលក្នុងរយៈពេលដ៏យូរមកនេះ។ 

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ព្រះរាជក្រឹត្យរបស់សម្តេចឪ ដែលផ្តល់ឋានន្តរស័ក្តថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ជូនសម្តេច សម្តេច ជា ស៊ីម និងសម្តេច ហេង សំរិន ពេលនោះ គឺចេញជាភាសាបារាំង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្តល់ផ្កាយមាស៥ ដល់សម្តេចទាំង៣ គឺជាព្រះរាជទាន មិនមែនជាការស្នើសុំទេ គឺនៅឆ្នាំ២០០៧ ដែលត្រូវបានប្រទានជាថ្មីម្តងទៀត ហើយផ្កាយមាសនេះ មិនបានផ្តល់ជូនសម្តេចក្រុមព្រះទេ ដោយសារបានបញ្ចុះស័ក្តិម្តងហើយ នៅត្រឹមតែផ្កាយ៤ប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ៖ សម្តេចមានអត្តលេខយោធា ០០២ ចំណែកសម្តេចក្រុមព្រះ មានអត្តលេខ០០១។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្តល់ឋានន្តរស័ក្តជូនសម្តេចពិជ័យសេនា និងសម្តេចម៉ែន សំអន នាពេលនេះ ជាការឆ្លើយតបចំពោះគុណបំណាច់ ដែលបានធ្វើកិច្ចការងារបម្រើជាតិ ហើយសម្តេចទាំងពីរក៏ជាអ្នកចូលរួមបង្កើតរបបរាជានិយមផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចម៉ែន សំអន ដែលចូលរួមជាមួយសម្តេច ក្នុងកិច្ចការងារជាច្រើនកន្លងមក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ជាថ្មីថា សូមកុំព្យាយាមបំបែកគណបក្សប្រជាជន អ្នកកាន់តែធ្វើអ្នកកាន់តែគ្រោះថ្នាក់ ៕

ដោយ ៖ សិលា


ចែករំលែក៖