Cristiano Ronaldo បានត្រឹមឈរមើលដោយសោកស្តាយនៅពេលដែល Rasmus Hojlund ធ្វើការអបអរ “siu” ដែលជាស្ទាយផ្ទាល់ខ្លួនរបស់Ronaldo នៅចំពោះមុខគាត់ បន្ទាប់ពីខ្សែប្រយុទ្ធរបស់ Man United បានស៊ុតបញ្ចូលទី1គ្រាប់ ឱ្យដាណឺម៉ាកឈ្នះ1-0ទល់នឹងព័រទុយហ្គាល់កាលពីយប់ថ្ងៃព្រហស្បតិ៍។
កីឡាករវ័យ 22 ឆ្នាំរូបនេះបានចម្លងការអបអរសាទរដូច Ronaldo ហាក់ដូចជាមានការសរសើរនិងការគាំទ្រដល់ Ronaldo ប៉ុណ្ណោះ។
Hojlund បានប្រាប់សារព័ត៌មាន Danish outlet DR មុនការប្រកួតថា “ឥឡូវនេះខ្ញុំនឹងមិននិយាយបំផ្លើសនោះទេ ប៉ុន្តែ Cristiano គឺជាអ្វីគ្រប់យ៉ាងសម្រាប់ខ្ញុំ។ ខ្ញុំលង់ស្រលាញ់បាល់ទាត់ដោយសារតែ Cristiano ខ្ញុំបានក្លាយជាអ្នកគាំទ្រ Manchester United ដោយសារតែ Cristiano ។ ខ្ញុំចាប់ផ្តើមហ្វឹកហាត់ដោយខ្លួនឯងដោយសារតែ Cristiano ខ្ញុំចាប់ផ្តើមធ្វើការប្រឹងប្រែងជារៀងរាល់ថ្ងៃមុនពេលខ្ញុំចូលគេង ដោយសារតែ Cristiano ព្រោះខ្ញុំចង់ក្លាយជា Cristiano”។ បន្ទាប់ពីចូលរួមជាមួយ Man United ក្នុងតម្លៃ ខ្លួនផ្ទេរ 72 លានផោននៅរដូវក្តៅឆ្នាំ 2023 Hojlund បានបង្ហាញពីរបៀបដែលឪពុករបស់គាត់ចង់ឱ្យគាត់គោរព Ronaldo ។ Hojlund បានបង្ហាញពីឥទ្ធិពលដែល Ronaldo មានលើការអភិវឌ្ឍន៍របស់គាត់ ដោយលើកឡើងពីរបៀបដែលក្រមសីលធម៌ការងាររបស់គាត់បានរួមចំណែកដល់ភាពជោគជ័យរបស់គាត់។
ព័រទុយហ្គាល់នឹងមានឱកាសសងសឹកវិញដោយធ្វើជាម្ចាស់ផ្ទះជើងទីពីរនៅថ្ងៃអាទិត្យ ៕
ដោយ៖ ភារៈ