ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មានបុគ្គលមួយចំនួន បានផ្សាយរិះគន់ថា សម្តេចបានប្រើប្រាស់លុយដើម្បីជំរុញការផ្សព្វផ្សាយនៅលើ បណ្តាញសង្គម ដែលការលើកឡើងបែបនេះ មិនមែនជារឿងត្រឹមត្រូវនោះទេ។
ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុនសែន សេរីភាព នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រើ ប្រាស់បណ្តាញសង្គម ដើម្បីផ្សព្វផ្សាយពីការរីកចម្រើនរបស់សង្គមជាតិ ក៏ដូចជា បើកចំហរការបញ្ចេញមតិរបស់ប្រជាពលរដ្ឋមកកាន់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តាមរយៈបណ្តាញសង្គម សម្តេច បានដោះស្រាយបញ្ហា និងសំណើ សំណូមពរជាច្រើនរបស់ប្រជាពលរដ្ឋផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ៖ សន្តិសុខសុវត្ថិភាពគឺជាកត្តាសំខាន់សម្រាប់ការសិក្សារបស់សិស្សានុសិស្ស និងការរស់នៅរបស់ប្រជាពលរដ្ឋ។ បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព សុវត្ថិភាព សន្តិសុខ និងការអភិវឌ្ឍទូទាំងប្រទេស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរសមត្ថកិច្ចដែលបានខំដោះស្រាយបញ្ហាសន្តិសុខ ពិសេសការឃាត់ខ្លួនចោរឆក់ការបូបអ្នកផលិតមាតិកាលើបណ្ដាញសង្គមបរទេសម្នាក់ កាលពីប៉ុន្មានថ្ងៃមុន បានឆាប់រហ័ស ៕
ដោយ ៖ សិលា