ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​ អញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​កោតសរសើរចំពោះការរីកចម្រើនរបស់វិទ្យាល័យ ហ៊ុន សែន សេរីភាព ក្នុងក្រុងតាខ្មៅ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពនៃការអប់រំសិក្សា ។

-សម្ដេចធិបតី ថ្លែងថា​ រាជរដ្ឋាភិបាលនឹងខិតខំគ្រប់លទ្ធភាព ដើម្បីធ្វើទំនើបកម្មនៅតាមសាលាទាំងអស់តាំងពីថ្នាក់មូលដ្ឋាន ជាពិសេសត្រូវឱ្យសិស្សចេះប្រើប្រាស់ កុំព្យូទ័រ និងបច្ចេកវិទ្យានានាតាំងពីថ្នាក់បឋមឡើងទៅ។

-សម្ដេចធិបតី ថ្លែងថា​ សន្តិសុខសុវត្ថិភាពគឺជាកត្តាសំខាន់សម្រាប់ការសិក្សារបស់សិស្សានុសិស្ស និងការរស់នៅរបស់ប្រជាពលរដ្ឋ។ បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព សុវត្ថិភាព សន្តិសុខ និងការអភិវឌ្ឍទូទាំងប្រទេស។

-សម្ដេចធិបតី ថ្លែង​កោតសរសើរសមត្ថកិច្ចដែលបានខំដោះស្រាយបញ្ហាសន្តិសុខ ពិសេសការឃាត់ខ្លួនចោរឆក់ការបូបអ្នកផលិតមាតិកាលើបណ្ដាញសង្គមបរទេសម្នាក់ កាលពីប៉ុន្មានថ្ងៃមុន បានឆាប់រហ័ស។

-សម្ដេចធិបតី ថ្លែងថា​ ការកសាងធនធានមនុស្សគឺមានសារៈសំខាន់ណាស់សម្រាប់ជាតិ និងគ្រួសារ។ ប្រសិនបើយើងគ្មានធនធានមនុស្ស គ្មានសមត្ថភាពនោះទេយើងត្រូវពឹងពាក់លើគេ។

-សម្ដេចធិបតី ថ្លែងថា​៖ នៅក្រោយការរលំដួលនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម យើងពឹងផ្អែកច្រើនលើអ្នកជំនាញការបរទេសឱ្យមកជួយកសាងអភិវឌ្ឍកម្ពុជា។ កម្ពុជាបានប្រឹងប្រែងជាបន្តបន្ទាប់អភិវឌ្ឍសមត្ថភាពខ្លួនឯងដល់បច្ចុប្បន្ន ដែលធ្វើឱ្យយើងប្រើប្រាស់ធនធានមនុស្សក្នុងប្រទេសគ្រប់កន្លែងទាំងអស់ ចំពោះអ្នកជំនាញការបរទេសមាននៅសល់តិចតួចប៉ុណ្ណោះ។

-សម្ដេចធិបតី​ ថ្លែងថា​៖ រាជរដ្ឋាភិបាលនឹងបន្តតាមគោលនយោបាយការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ក្នុងការកសាងសាលារៀន ពង្រាយសាលាឱ្យបានច្រើនដល់មូលដ្ឋានគ្រប់ទីកន្លែងទូទាំងប្រទេស ដើម្បីបង្កការងាយស្រួលដល់កូនចៅប្រជាពលរដ្ឋបានចូលរៀនសូត្រគ្រប់ៗគ្នា។

-សម្ដេចធិបតី ថ្លែងថា​ ដើម្បីពង្រឹងគុណភាពអប់រំត្រូវពង្រឹងលើបរិមាណ និងគុណភាព។ បរិមាណ គឺត្រូវធ្វើយ៉ាងណាឱ្យសិស្សនៅគ្រប់ទីកន្លែងទូទាំងប្រទេសបានចូលរៀនសូត្រ​ទាំងអស់គ្នា និងត្រូវរៀនសូត្រឱ្យបានចំណេះដឹងខ្ពង់ខ្ពស់កាន់តែច្រើន។ ចំពោះគុណភាព គឺផ្ដោតទៅលើការធ្វើទំនើបកម្មកម្មវិធីសិក្សា និងកែទម្រង់នៅក្នុងវិស័យអប់រំជាបន្តបន្ទាប់។

-សម្ដេចធិបតី ថ្លែងថា​៖ ក្នុងរយៈពេល ១០ឆ្នាំនេះ សិស្សថ្នាក់មធ្យមសិក្សាកើនដល់ ៤០ ម៉ឺននាក់ដោយសារការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងមានសាលារៀនច្រើននៅតាមមូលដ្ឋានភូមិឃុំ។

-សម្ដេចធិបតី ថ្លែង​ជំរុញឲ្យក្រសួងអប់រំ យុវជន និងកីឡា ខិតខំពង្រឹងគុណវុឌ្ឍិរបស់លោកគ្រូ អ្នកគ្រូ ខណៈដែលលោកគ្រូ អ្នកគ្រូ ត្រូវខិតខំសិក្សាស្រាវជ្រាវជាប់ជាប្រចាំ ដើម្បីគុណភាពនៃការបង្រៀន។

-សម្ដេចធិបតី ថ្លែងថា​ ការពង្រាយគ្រូដល់តំបន់ជនបទ គឺសំខាន់ណាស់ មានគ្រូ អាចបង្រៀនបានគ្រប់ទីកន្លែង តែអត់គ្រូទោះមានអគារសិក្សាល្អៗយ៉ាងណាក៏ដោយ គឺការរៀនសូត្រមិនអាចដំណើរការទៅបាននោះឡើយ។

-សម្ដេចធិបតី ថ្លែងថា​ នៅក្នុងខែមេសាឆ្នាំ២០២៥នេះ ប្រាក់ខែមន្ត្រីរាជការ និងកងកម្លាំងគ្រប់ប្រភេទនឹងត្រូវបើកសរុបនៅដើមខែមុនចូលឆ្នាំខ្មែរ គឺមិនបើកចំនួន២លើកដូចកន្លងមកនោះឡើយ។ ចំពោះប្រាក់ឧបត្ថម្ភចំនួន ៥០០០០រៀលសម្រាប់ចូលឆ្នាំ ក៏នឹងត្រូវបើករួមជាមួយនឹងប្រាក់ខែផងដែរ។ 

-សម្ដេចធិបតី​ ថ្លែង​បញ្ជាក់បន្ថែមថា ការបើកប្រាក់ខែ និងប្រាក់ឧបត្ថម្ភនេះបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការបើកប្រាក់ខែជូនមន្ត្រីរាជការ មិនដូចការលើកឡើងរបស់ពួកជ្រុលនិយមនោះទេ។

-សម្ដេចធិបតី ថ្លែងថា សម្ដេចតែងតែចុះជួបប្រជាពលរដ្ឋ និងសិស្សានុសិស្សដោយផ្ទាល់នៅតាមមូលដ្ឋានដោយមិនបានប្រាប់ជាមុន ដើម្បីតាមដានត្រួតពិនិត្យការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។

-សម្ដេចធិបតី ថ្លែងថា​ រាជរដ្ឋាភិបាលអាណត្តិទី៧ នេះនឹងបន្តពង្រឹងគុណភាពអប់រំចាប់ពីថ្នាក់ទី១ ដល់ទី១២ ដោយត្រូវពង្រឹងទាំងចំណេះដឹងឱ្យបានច្បាស់លាស់ និងពង្រឹងលើឥរិយាបថសម្រាប់រស់នៅក្នុងសង្គម។ ការពង្រឹងចំណេះដឹងឱ្យបានច្បាស់លាស់ គឺត្រូវពង្រឹង ដោយធ្វើយ៉ាងណានៅក្រោយរៀនចប់ ត្រូវមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បំពេញការងារនានា ដើម្បីចិញ្ចឹមជីវិត។ ចំពោះការពង្រឹងឥរិយាបថ គឺត្រូវពង្រឹងបែបបទសុជីវធម៌ សីលធម៌ឱ្យបានល្អ ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម។ 

-សម្ដេចធិបតី​ ថ្លែង​បញ្ជាក់បន្ថែមថា ការពង្រឹងចំណេះដឹង និងឥរិយាបថនេះបច្ចុប្បន្នរាជរដ្ឋាភិបាលផ្ដោតលើបឋមសិក្សាជាមុន។

-សម្ដេចធិបតី ថ្លែងថា​ គ្រោងនឹងចុះទៅពិនិត្យតាមមណ្ឌលសុខភាពនានាដោយមិនប្រាប់ឱ្យដឹងជាមុននោះឡើយ ដើម្បីតាមដានលើសេវាទទួលព្យាបាលជំងឺជូនពលរដ្ឋ ២៤ម៉ោងលើ ២៤ម៉ោងនៅតាមមូលដ្ឋាន។

-សម្ដេចធិបតី ថ្លែងលើកទឹកចិត្តឱ្យអ្នកសិក្សា និងអ្នកបំពេញការងារនានា គួរមានពេលធ្វើសមាធិ ដែលជាវិទ្យាសាស្ត្រមួយនៅក្នុងការពង្រឹងស្មារតី រំងាប់អារម្មណ៍មិនល្អ និងមានការផ្ដោតអារម្មណ៍បានល្អ ដែលធ្វើឱ្យការសិក្សា ការបំពេញការងារទទួលបានផលល្អ នៅបន្ទាប់ពីការធ្វើសមាធិ។ 

-សម្ដេចធិបតី​ ថ្លែងថា​ ការនិយាយរបស់សម្ដេចនាពេលនេះខុសពីការនិយាយពីដើមអាណត្តិ នៃរដ្ឋាភិបាលដោយសាររាជរដ្ឋាភិបាលបានធ្វើច្រើនកសាងច្រើន និងសមិទ្ធផលកើតឡើងជាច្រើន។ សម្ដេចបានបញ្ជាក់ថា ការនិយាយនេះគឺដើម្បីចែករំលែក និងលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ និងមាតាបិតា និងសិស្សានុសិស្ស។

-សម្ដេចធិបតី ថ្លែងថា​ កត្តាដែលជះឥទ្ធិពលដល់មនុស្សមាន៣ គឺក្នុងសាលា, នៅផ្ទះ និងបរិស្ថានសង្គម។ បើកត្តាទាំង៣នេះផ្ដល់ភាពវិជ្ជមាន នាំឱ្យមនុស្សទទួលបានផលវិជ្ជមាន និងធ្វើឱ្យសង្គមទាំងមូលស្ថិតក្នុងគន្លងផ្លូវល្អ។ បើកត្តាទាំង៣ នេះផ្ដល់ភាពអវិជ្ជមាន នាំឱ្យមនុស្សទទួលបានផលអវិជ្ជមាន និងធ្វើឱ្យសង្គមទាំងមូលស្ថិតក្នុងគន្លងផ្លូវមិនល្អ។

-សម្ដេចធិបតី ថ្លែងណែនាំសិស្សានុសិស្សចៀសឱ្យឆ្ងាយពីគ្រឿងញៀន នាំខូចអនាគតខ្លួន ជាពិសេសឪពុកម្ដាយខូចចិត្ត ដែលបានខិតខំលះបង់គ្រប់យ៉ាងដើម្បីចិញ្ចឹមបីបាច់ថែរក្សាកូន ចង់ឃើញ កូនបានល្អ តែមិនបានដូចបំណងប្រាថ្នា។

-សម្ដេចធិបតី ថ្លែង​ផ្ដល់អនុសាសន៍៤ចំណុច ដើម្បីពង្រឹងប្រសិទ្ធភាពការអប់រំសិក្សា ១-អភិបាលកិច្ច, ២-ឥរិយាបថ, ៣-ការយកចិត្តទុកដាក់លើសុខភាពសិស្ស និង៤- ការចូលរួមរបស់អាណាព្យាបាល និងសហគមន៍៕

ដោយ៖ តារា​


ចែករំលែក៖