ព័ត៌មានទាន់ហេតុការណ៍៖

ងោកមួយភ្លាំងបើករថយន្ដសណ្ដោងដឹកទូរកុងតឺន័ររេចង្កូតឡើងលើសួនច្បារពុះចែកផ្លូវបុកដើមឈើចាន់គីរីមួយដ៏ធំបាក់គាបជាប់តៃកុងរបួសធ្ងន់ធ្ងរ

ចែករំលែក៖

    ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដសណ្ដោងដឹកទូរកុងតឺន័រក្នុងស្ថានភាពងងុយដេកលឿនរេចង្កូតឡើងសួនច្បារពុះចែកផ្លូវបុករលើងគល់ដើមឈើចាន់គីរីដ៏ធំបាក់សង្កត់គាបជាប់តៃកុងរថយន្ដរងរបួសធ្ងន់ធ្ងរ និងប៉ះបង្គោលភ្លើងទ្រេតមួយដើម។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹកព្រលឹម ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវមហាវីថីឈ្នះ ឈ្នះ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ឃើញមានរថយន្ដដឹកទូរសណ្ដោងកុងតឺន័រ មួយគ្រឿងក្បាលពណ៌សបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពងងុយដេក បានធ្វើដំណើរតាមបណ្ដោយផ្លូវមហាវីថីឈ្នះ ឈ្នះ ទិសដៅពីលិចមកកើតក្នុងឈ្បឿនលឿន ខណៈបើកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែងោកមួយភ្លាំងរេចង្កូតទៅឆ្វេងឡើងសួនច្បារពុះចែកផ្លូវទៅបុកដើមឈើចាន់គីរីដ៏ធំមួយដើមរលើងគល់បាក់សង្កត់ចំក្បាលរថយន្ដកុងតឺន័រគាបជាប់តៃកុងរថយន្ដរងរបួសធ្ងន់ធ្ងរ  និងប៉ះបង្គោលភ្លើងបំភ្លឺផ្លូវទ្រេតមួយដើម។  ភ្លាមៗនោះពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវឃើញ ក៏បានគាស់ទ្វាររថយន្ដជួយយកតៃកុងចេញពីរថយន្ដដើម្បីដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ផងដែរ ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុ បានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការវាស់វែងយករថយន្ដខាងលើ ទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖