ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ៖ ការអភិវឌ្ឍប្រទេសជាតិនឹងមិនអាចធ្វើទៅបានច្រើន ដោយម្ចាស់ការ និងឯករាជ្យដោយខ្លួនឯងនោះទេ បើយើងគ្មានធនធានមនុស្សដែលអាចធ្វើការងារបាន។ បើធនធានមនុស្សរបស់យើងគ្មានសមត្ថភាពទេ នោះយើងនឹងនៅតែពឹងពាក់គេដដែល។ សម្ដេចបានគូសរំលេចថា នៅពេលយើងចេញពីសង្គ្រាម នៅឆ្នាំ១៩៧៩ យើងត្រូវការធនធានមនុស្សច្រើនណាស់ ព្រោះធនធានមនុស្សដែលមានចំណេះដឹងត្រូវបានរបប ប៉ុល ពត សម្លាប់ចោល។
មកដល់ចំណុចនេះ សម្ដេចធិបតី បានថ្លែងបញ្ជាក់ថា ដំបូងឡើយយើងត្រូវការពឹងអ្នកជំនាញការ ពីប្រទេសរុស្ស៊ី វៀតណាម និងពីបណ្ដាប្រទេសលោកខាងកើត។ ក្រោយមកនៅទសវត្សរ៍ឆ្នាំ១៩៩០ ជាពេលដែលកម្ពុជាធ្វើសមាហរណកម្មលើកដំបូង គឺយើងទៅពឹងជំនួយការ ជំនាញការ និងអ្នកជំនាញជាច្រើនពី IMF , World Bank និងពីប្រទេសបារាំង ឱ្យមកជួយធ្វើផែនការ កម្មវិធី គោលនយោបាយសេដ្ឋកិច្ចឱ្យយើង។ ប៉ុន្តែឥឡូវនេះ កម្ពុជាអាចធ្វើបានដោយខ្លួនឯងហើយ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ពិតណាស់ យើងមានទីប្រឹក្សាមួយចំនួនពីខាង World Bank និង IMF ដែលគេបានចូលរួមជួយផ្តល់យោបល់។ ប៉ុន្តែភាពម្ចាស់ការ គឺស្ថិតនៅលើកម្ពុជាផ្ទាល់ ក្នុងការពង្រឹងមធ្យោបាយ សមត្ថភាព ប្រមូលទិន្នន័យ ដែលទាំងអស់នេះ សុទ្ធតែកើតចេញដោយសារធនធានមនុស្សរបស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុនសែន សេរីភាព នៅក្រុងតាខ្មៅ ខេត្តកណ្តាល។
ចំពោះវិស័យសិក្សាវិញ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ថ្លែងថា ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នេះនឹងបន្តពង្រឹងគុណភាពអប់រំចាប់ពីថ្នាក់ទី១ ដល់ទី១២ ដោយត្រូវពង្រឹងទាំងចំណេះដឹងឱ្យបានច្បាស់លាស់ និងពង្រឹងលើឥរិយាបថសម្រាប់រស់នៅក្នុងសង្គម។ ការពង្រឹងចំណេះដឹងឱ្យបានច្បាស់លាស់ គឺត្រូវពង្រឹង ដោយធ្វើយ៉ាងណានៅក្រោយរៀនចប់ ត្រូវមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បំពេញការងារនានា ដើម្បីចិញ្ចឹមជីវិត។ ចំពោះការពង្រឹងឥរិយាបថ គឺត្រូវពង្រឹងបែបបទសុជីវធម៌ សីលធម៌ឱ្យបានល្អ ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការពង្រឹងចំណេះដឹង និងឥរិយាបថនេះបច្ចុប្បន្នរាជរដ្ឋាភិបាលផ្ដោតលើបឋមសិក្សាជាមុន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សម្ដេចតែងតែចុះជួបប្រជាពលរដ្ឋ និងសិស្សានុសិស្សដោយផ្ទាល់នៅតាមមូលដ្ឋានដោយមិនបានប្រាប់ជាមុន ដើម្បីតាមដានត្រួតពិនិត្យការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ៕
ដោយ ៖ សិលា