ព័ត៌មានទាន់ហេតុការណ៍៖

ផ្អាកជាបណ្ដោះអាសន្ននូវពិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង ពិធីសាសនា និងកម្មវិធីជួបជុំផ្សេងៗ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១រដ្ឋបាលុរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកជាបណ្តោះអាសន្ននូវពិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង ពិធីសាសនា និងកម្មវិធីជួបជុំផ្សេងៗ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

យោង ៖ -ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត អនុក្រឹត្យលេខ ៣៧ អនក្រ –.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។
-អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបាននឹងកំពុងផ្ទុះឡើងជាលើកទី៣ ក្នុង”ព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ” រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់កម្មវិធីបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ មេត្តាជ្រាប និងសូមចូលរួមអនុវត្តដោយស្មារតីយោគយល់ អធ្យាស្រ័យខ្ពស់បំផុត នូវវិធានការបិទសកម្មភាពសង្គមមួយចំនួន ដូចខាងក្រោម ៖
១. ត្រូវផ្អាកជាបណ្តោះអាសន្ននូវរាល់ការរៀបចំពិធីអាពាហ៍ពិពាហ៏ ពិធីជប់លៀង ពិធីសាសនា កម្មវិធី ជួបជុំ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗ ដើម្បីបញ្ចៀស និងកាត់បន្ថយជាអតិបរមានូវការ រីករាលដាលជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៏សហគមន៍ ២០-កុម្ភៈ” នៅរាជធានីភ្នំពេញ។
២.ចំពោះការរៀបចំពិធីអាពាហ៍ពិពាហ៍បែបប្រពៃណីណ៍ក្នុងរង្វង់ក្រុមគ្រួសារ និងពិធីបុណ្យសព ដែលពុំអាច លើកពេលបាន ម្ចាស់កម្មវិធីត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋានតាមរយៈ (១) កាត់បន្ថយ ចំនួនភ្ញៀវចូលរួម និងរយៈពេលប្រារព្ធកម្មវិធី ឱ្យនៅត្រឹមកម្រិតអប្បបរមា ក្នុងរង្វង់សាច់ញាតិចាំបាច់ ជា របៀបសែនព្រេន (២) ចាត់ឱ្យមានអ្នកវាស់កម្ដៅ បាញ់អាល់កុល -ដែល ចែកម៉ាស និងចូលរួមអនុវត្ត ការស្កេន QR Code “ទប់ស្កាត់កូវីដ Stop Covid” (៣) រៀបចំតុអាហារមិនឱ្យលើ
សពី ៥នាក់/១តុ (៤) រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលឱ្យបានត្រឹមត្រូវ និង (៥) ត្រូវអនុវត្តឱ្យបាន ម៉ឺងម៉ាត់បំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
៣.ក្នុងករណីប្រសិនបើម្ចាស់កម្មវិធីណាមួយមិនចូលរួមសហការ អាជ្ញាធរមូលដ្ឋាន និងមន្ទីរ-អង្គភាពជំនាញ ពាក់ព័ន្ធ ត្រូវបិទកម្មវិធីនោះជាបន្ទាន់ ដោយមិនទទួលខុសត្រូវរាល់ការខាតបង់ឡើយ។ ជាមួយគ្នានេះ ត្រូវចាត់វិធានការច្បាប់ចំពោះនជនទាំងឡាយណាដែលបំពាន និងមិនព្រមផ្ដល់កិច្ចសហការ ក្នុងការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ។

៤. សេចក្តីជូនដំណឹងនេះ មានសុពលភាពអនុវត្ត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្តីជូន ដំណឹងថ្មីមកជំនួសវិញ។
ទទួលបានសេចក្តីជូនដំណឹងនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង ១៤ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រធានមន្ទីរ-អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋានមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ម្ចាស់កម្មវិធី បងប្អូនប្រជាពលរដ្ឋ និងសាធារណៈ ជនទាំងអស់ ត្រូវ ចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់៕

ដោយ៖សុខ ខេមរា


ចែករំលែក៖