ព័ត៌មានទាន់ហេតុការណ៍៖

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឫទ័យយាងចូលរួមក្នុងព្រះរាជពិធីលៀងសោយភោជន៍

ចែករំលែក៖

ទីក្រុងសៀងហៃ, នាវេលាយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យយាងចូលរួមក្នុងព្រះរាជពិធីលៀងសោយភោជន៍ រៀបចំឡើងដោយលោក Li Qiang លេខាធិការនៃគណៈកម្មាធិការគណបក្សក្រុងសៀងហៃ និងលោក Gao Zheng អភិបាលក្រុងសៀងហៃ ដោយមានការសម្តែងថ្វាយនូវទស្សនីយភាពប្រពៃណីចិន និងកម្រងបទចម្រៀងព្រះរាជនិពន្ធ នៃព្រះករុណា ព្រះវររាជបិតាវប្បធម៍ និងសិល្បៈជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីជាកិច្ចស្វាគមន៍យ៉ាងកក់ក្តៅក្នុងឱកាសដែលព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

ស្ថិតក្នុងព្រះរាជសវនាការដ៏ឧត្តុង្គឧត្តមនោះ លោក Li Qiang ក្នុងនាមគណៈកម្មាធិការគណបក្សក្រុង រដ្ឋបាលក្រុង និងប្រជាជនទាំងអស់នៃទីក្រុងសៀងហៃ បានថ្វាយនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះព្រះរាជដំណើរទស្សនកិច្ចរបស់ ព្រះអង្គ មកកាន់ទីក្រុងសៀងហៃ នៅពេលនេះ និងបានទូលថ្វាយអំពីភាពរីកចម្រើននានាទាំងឡាយដែលទីក្រុងសៀងហៃសម្រេចបាន។ លោក បានបន្តថា ចំណងមិត្តភាពចិន – កម្ពុជា មានប្រវត្តិសាស្ត្រយូរអង្វែងណាស់មកហើយ ចំណងមិត្តភាពរវាងប្រជាជនទាំងពីរមានភាពស៊ីជម្រៅ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការផ្លាស់ប្តូរនៅក្នុងវិស័យផ្សេងៗបន្តកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ទៀត ដែលបង្ហាញពីចំណងមិត្តភាព“ ដែកថែប” មិនអាចបំបែកបានរវាងចិននិងកម្ពុជា។ លោក បានលើកឡើងទៀតថា ទីក្រុងសៀងហៃ គឺជាទីកន្លែងកំណើតរបស់បក្សកុម្មុយនិស្តចិន ដែលជាទីក្រុងមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំបំផុតរបស់ចិន និងជាព្រំដែននៃការកែទម្រង់ ដោយបាននឹងកំពុងអនុវត្តនូវការណែនាំដ៏សំខាន់ៗរបស់ លោកប្រធានាធិបតី Xi JinPing មកកាន់ទីក្រុងសៀងហៃ និងពន្លឿនការស្ថាបនា «មជ្ឈមណ្ឌលទាំង៥» និងទីក្រុងអន្តរជាតិសង្គមនិយមទំនើបមួយដែលមានភាពរីកចម្រើន និងបង្ហាញពីលក្ខណៈដ៏ពិសេសនេះទៅកាន់ពិភពលោក។ លោកសង្ឃឹមថាតាមរយៈព្រះរាជដំណើរទស្សនកិច្ចដ៏ឧត្តុង្គឧត្តមនេះ នឹងធ្វើឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីទីក្រុងសៀងហៃ ព្រមទាំងជំរុញការផ្លាស់ប្តូរមិត្តភាពរវាងភាគីទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។ លោក ក៏បានលើកឡើងផងដែរថាយើងនឹងអនុវត្តការមូលមតិគ្នាដោយអស់ពីចិត្តដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរគ្នាលើវិស័យផ្សេងៗ និងចូលរួមវិភាគទានកាន់តែច្រើនក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងចិន – កម្ពុជា។

ព្រះករុណា ព្រះមហាក្សត្រ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជបន្ទូលសំណេះសំណាលក្នុងព្រះរាជសវនាការដ៏ឧត្តុង្គឧត្តមនោះថា ក្នុងដំណើរព្រះរាជទស្សនកិច្ចនៅទីក្រុងសៀងហៃនៅពេលនេះព្រះអង្គបានទតឃើញអំពីការអភិវឌ្ឍន៍ដ៏រីកចម្រើននៃទីក្រុងអន្តរជាតិមួយនេះ ដែលបានរំលឹកដល់ទីតាំងនៃមហាសន្និបាតលើកទី ១ នៃបក្សកុម្មុយនិស្តចិន និងបានធ្វើឲ្យ ព្រះអង្គ កាន់តែឈ្វេងយល់យ៉ាងស៊ីជម្រៅថែមទៀតចំពោះសមិទ្ធិផលដ៏អស្ចារ្យដែលប្រជាជនចិនសម្រេចបានក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន។ ព្រះអង្គ បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថាប្រទេសចិននឹងទទួលបាននូវការអភិវឌ្ឍថ្មីៗ និងកាន់តែល្អប្រសើរឡើងទៀតក្រោមការដឹកនាំរបស់ លោកប្រធានាធិបតី Xi JinPing។ ជាចុងបញ្ចប់ ព្រះអង្គ បានបន្តថា ព្រះអង្គ នឹងចូលរួមជាមួយ លោកប្រធានាធិបតី Xi JinPing ដើម្បីទទួលមរតកដ៏វិសេសវិសាលនេះ និងបន្តនូវចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងមេដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ ហើយនិងកត់ត្រាជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា – ចិន៕ ដោយ, សិលា


ចែករំលែក៖