រដ្ឋធានី ម៉ានីល ប្រទេសហ្វុីលីពីន នៅថ្ងៃទី១៦ខែមីនា បានអនុវត្តច្បាប់បម្រាមគោចរដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ក្រោយពីមានករណីឆ្លងកូវិដ-១៩ កើនឡើង។
ក្នុងរយៈពេលនេះ ពលរដ្ឋមិនអាច ចាកចេញពីផ្ទះបានឡើយ ចាប់ពីម៉ោង ២២យប់ ដល់ម៉ោង ៥ព្រឹក លើកលែងតែករណីចាំបាច់ ។ ក្រៅពីនេះនៅតំបន់មួយចំនួន ត្រូវបិទទាំងស្រុងតែម្តងដោយមានករណីឆ្លងច្រើន។
តាមការវាយតម្លៃពីក្រុមជំនាញ គិតជាមធ្យម ហ្វីុលីពីនមានករណីឆ្លងសរុប ៨០០០ នាក់ក្នុងមួយថ្ងៃចាប់ពីពេលនេះដល់ចុងខែមីនា ។ ចំណែកនៅក្នុងខែមេសា អាចនឹងមានអ្នកឆ្លង ១៨០០នាក់ ។ កាលពីថ្ងៃទី ១៥ខែមីនា មានករណីឆ្លង៥៤០០ នាក់ ជាចំនួនខ្ពស់បំផុត ក្នុងរយៈពេល៧ខែកន្លងមក ។
លោក Isy Faingold អគ្គនាយកមូលនិធិកុមារអន្តរជាតិ របស់អង្គការសហប្រជាជាតិ UNICEF បានឲ្យដឹងថា កូវីដ-១៩ បានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអប់រំ ក្នុងប្រទេសនេះ ។ នៅពេលនេះដែរ ក្នុងរដ្ឋធានីម៉ានីលនៃប្រទេសហ្វុីលីពីន នឹងចេញគោលការណ៍ហាមអ្នកដែលមានអាយុក្រោយ១៨ឆ្នាំ ចាកចេញពីផ្ទះ សម្រាប់រយៈពេល២សប្តាហ៍នេះ ស្របពេលដែលអាជ្ញាធរហ្វុីលីពីនកំពុងប្រឹងប្រែងពង្រឹងវិធានការការពារ ទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
អាជ្ញាធរទីក្រុងម៉ានីលបានប្រកាសថា សម្រាប់តែអ្នកមានវ័យពី១៨-៦៥ឆ្នាំប៉ុណ្ណោះ ដែលនឹងត្រូវអនុញ្ញាតឲ្យចាកចេញពីលំនៅឋានបាន។ កាលពីអំឡុងចុងឆ្នាំ២០២០ ប្រទេសហ្វីុលីពីនបានចាប់ផ្តើមបន្ធូរបន្ថយវិធានការទប់ស្កាត់ COVID-19 ដែលមានភាពតឹងរ៉ឹងខ្លាំង និងមានរយៈពេលយ៉ាងយូររបស់ខ្លួន តាមរយៈគោលការណ៍មួយគឺ អ្នកមានវ័យក្រោម១៥ឆ្នាំ មិនត្រូវអនុញ្ញាតឲ្យចេញពីផ្ទះឡើយ នៅក្នុងរដ្ឋធានីម៉ានីល៕ ដោយ សាធី
រូបភាព៖ VTV