ព័ត៌មានទាន់ហេតុការណ៍៖

អនុប្រធានាធិបតីអាមេរិក​ ប្រកាសថា៖ អាមេរិក ប្តេជ្ញាចូលរួមជាមួយអង្គការសហប្រជាជាតិក្នុងសកម្មភាពលើកកម្ពស់សិទ្ធិស្ត្រី

ចែករំលែក៖

អន្តរជាតិ​៖​ លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាមេរិក បានបង្ហាញខ្លួនលើវេទិកាអន្តរជាតិលើកដំបូងនៅថ្ងៃទី១៦ ខែមីនា នាកិច្ចប្រជុំស្តីពីសមភាពយេនឌ័រ ប្រកាសថា៖ អាមេរិក ប្តេជ្ញាចូលរួមជាមួយអង្គការសហប្រជាជាតិក្នុងសកម្មភាពលើកកម្ពស់សិទ្ធិស្ត្រី ដែលជាមូលដ្ឋានគ្រឹះប្រជាធិបតេយ្យ ស្របពេលទ្ធិប្រជាធិបតេយ្យជាសកលកំពុងមានបញ្ហា។

ជាក់ស្ដែង​លោកស្រី កាម៉ាឡា ហារីស ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការស្តីពីស្ថានភាពស្ត្រីរបស់អង្គការសហប្រជាជាតិ បានអះអាងថា អាមេរិកនឹងធ្វើការដើម្បីង្រឹងទាំងលើបញ្ហាសមភាពយេនឌ័រ និងប្រជាធិបតេយ្យ។ អនុប្រធានាធិបតីស្រ្តីទីមួយរបស់អាមេរិក បន្តថា​ស្ថិរភាពនៃប្រជាធិបតេយ្យ ក៏ត្រូវអាស្រ័យលើសមភាពរវាងបុរសនិងស្ត្រីដែរ។

លោកស្រី ហារីស​ បានលេីកឡេីងទៀតថា៖«ស្ថានភាពប្រជាធិបតេយ្យក៏ពឹងផ្អែកជាមូលដ្ឋានទៅលើការផ្តល់អំណាចដល់ស្ត្រីផងដែរ។ ការមិនរាប់បញ្ចូលសេចក្តីសម្រេចចិត្តរបស់ស្រ្តី មិនត្រឹមតែជាសញ្ញានៃភាពខ្វះចន្លោះ នៃលទ្ធិប្រជាធិបតេយ្យនោះទេ តែការចូលរួមរបស់ស្ត្រី ក៏ជាកត្តាសំខាន់ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យថែមទៀត»។

ជាមួយគ្នានេះ​ នាកិច្ចប្រជុំគណៈកម្មការលើកទី៦៥ នោះដែរ លោកស្រី ហារីស បានបញ្ជាក់បន្ថែមថា រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន នឹងធ្វើឱ្យភាពជាដៃគូរវាងវ៉ាស៊ីនតោន និងអង្គការសហប្រជាជាតិដើម្បីស្រី្ត មានភាពល្អប្រសើរ ឡើងវិញជុំវិញបញ្ហាសិទ្ធិស្រ្តី។ លើសពីនេះ​ អាមេរិក ក៏ប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការជួយជំរុញសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីតាមការអំពាវនាវរបស់ប្រមុខអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ផងដែរ។

ដោយឡែក​លោក ហ្គូតេរ៉េស នៅថ្ងៃបើកកិច្ចប្រជុំនោះដែរ​ ក៏បានអំពាវនាវឱ្យមានសមភាពយេនឌ័រ និងមានភាពស្មើគ្នាក្នុងជួរអ្នកដឹកនាំនៅលើពិភពលោក ដោយលោកហ្គូតេរ៉េស​ បានលើកឡើងបន្ថែមថា ការចូលរួមរបស់ស្ត្រី ជាអ្វីដែលពិភពលោកត្រូវការ។ មិនតែប៉ុណ្ណោះ​លោក ហ្គូតេរ៉េស ក៏បានជំរុញឱ្យសមាជិកទាំង១៩៣ប្រទេសរបស់អង្គការសហប្រជាជាតិ អនុវត្តផែនការឆ្លើយតបជាបន្ទាន់ដើម្បីដោះស្រាយ បញ្ហាអំពើហិង្សាលើស្ត្រី និងក្មេងស្រី៕ដោយ​៖ស​ តារា​

លោកស្រី​​  កាម៉ាឡា ហារីស អនុប្រធានាធិបតីអាមេរិក

រូបថត៖ AFP


ចែករំលែក៖