ភ្នំពេញ ៖ រថយន្តឃ្លុបដឹកទំនិញមួយគ្រឿងបានទៅបុកជាមួយរថយន្តស្ទូចដែលកំពុងបេីកឆ្លងកាត់ទទឹងផ្លូវបណ្ដាលឲ្យគាបជាប់តៃកុងម្នាក់តែគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ និងធ្វេីឲ្យរថយន្តទាំងសងខាងរងការខូចខាត បង្កឲ្យមានការកកស្ទះចរាចរណ៍ដល់អ្នកដំណេីរ កាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចមុខមជ្ឈមណ្ឌលមង្គលឧត្ដម តាមបណ្តោយផ្លូវលេខ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស្ទូចមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខក្រុងព្រះសីហនុ 3A -3276 បើកចេញពីក្នុងមជ្ឈមណ្ឌលមង្គលឧត្តម បម្រុងបត់ឆ្លងផ្លូវលេខ៣៧១ទៅទិសខាងជេីង ស្របពេលនោះស្រាប់តែមានរថយន្តកូរ៉េ (ឃ្លុបប្រភេទដឹកទំនិញពណ៌សបើកបរតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនល្មម និងប្រហែលជាន់ហ្វ្រ័ងមិនទាន់ក៏បានជ្រុលទៅបុករថយន្តស្ទូចចំពីខាងក្រោយផ្នែកខាងឆ្វេងបណ្តាលឲ្យអ្នកបើកបររថយន្តឃ្លុបដឹកទំនិញខាងលើគាបជើងជាប់និឹងកាប៊ីនរងរបួសស្រាល ត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋនៅទីនោះជួយគាស់ទាញចេញមកខាងក្រៅ។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងចរចាគ្នាមិនត្រូវ ទេីបសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យសហការជាមួយជំនាញចរាចរណ៍រាជធានីចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ