ភ្នំពេញ៖ រថយន្តដឹកឥដ្ឋមួយគ្រឿងដែលដឹកលើសចំណុះនោះ ពេលកំពុងបើកតាមដងផ្លូវស្រាប់តែបាក់ប៉ុងដាច់កង់រមៀលចេញបណ្តាលឱ្យក្រឡាប់រថយន្តចាក់ឥដ្ឋចោលពេញផ្លូវបង្កការកកស្ទះចរាចរណ៍ តែសំណាងល្អមិនបណ្តាលឱ្យមនុស្សរងរបួសឡើយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២១ នៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបុរសម្នាក់ដែលជាតៃកុងរថយន្តមួយគ្រឿងទៀតដែលបានបេីករថយន្តមកសាងឥដ្ឋពីរថយន្តដែលក្រឡាប់នោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តដែលក្រឡាប់ម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-5043 បើកបរដោយបុរសម្នាក់មិនប្រាប់អោយស្គាល់អត្តសញ្ញាណរួមដំណើរជាមួយភរិយា បានដឹកឥដ្ឋពីព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្តាលធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងគោលបំណង់ដឹកឥដ្ឋយកទៅដាក់ឱ្យម៉ូយនៅស្រុកឈូក ខេត្តកំពត។ លុះពេលបើកមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តបាក់ប៉ុងដាច់កង់ក្រោយខាងស្តាំរមៀលចេញពីរថយន្តបណ្តាលឱ្យរថយន្តអូសលើថ្នល់ ហើយក្រឡាប់ទៅខាងស្តាំដៃ ចាក់ឥដ្ឋពេញផ្លូវតែម្តង ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះគេឃើញអ្នកបើកបរ រួមទាំងភរិយាបានលូនចេញពីក្នុងកាប៊ីនរថយន្តដោយពុំមានរងរបួសឡើយ ដូច្នេះអ្នកបើកបរក៏បានហៅរថយន្តមួយគ្រឿងទៀតមកសេងឥដ្ឋ ហើយហៅរថយន្តស្ទូចមកស្ទួចយករថយន្តនោះទៅជួសជុលដោយខ្លួន ឯង៕
ដោយ៖ រ៉ារ៉ា