នៅតំបន់ភាគខាងកើតប្រទេសអូស្ត្រាលី បានរងគ្រោះដោយទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នាថ្ងៃទី ២០ខែមីនា បង្ខំឲ្យពលរដ្ឋជាង១៧០០០នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។
តាមសារព័ត៌មាន Guardian របស់អង់គ្លេស និងសារព័ត៌មាន 9news របស់អូស្ត្រាលី បានឲ្យដឹងថា ឈ្មោះភ្លៀងនៅថ្ងៃនេះជា(ភ្លៀងគ្រាប់បែក) ដោយសារតែភ្លៀងខ្លាំង ធ្វើឲ្យមន្ត្រីក្នុងតំបន់មួយចំនួនក្នុងរដ្ឋ New South Wales ត្រូវប្រកាសអាសន្ន។
ក្រសួងព្យាករអាកាសធាតុ អូស្ត្រាលី បានឲ្យដឹងថា តំបន់មួយចំនួននៅក្នុងរដ្ឋ NSW ពិសេស នៅតំបន់កំពង់ផែ Macquarie មានភ្លៀងធ្លាក់ខ្លាំង ដោយមានកម្រិតទឹកភ្លៀង ចាប់ពី៥០០ដល់ ៦០០មិល្លីម៉ែត្រ គឺជាកម្រិតខ្ពស់បំផុត ហើយអូសបន្លាយក្នុងរយៈពេល ៤៨ម៉ោង។ នៅដើមសប្តាហ៍ខាងមុខ គឺថ្ងៃទី ២២និង២៣ ខែមីនាអាចនឹងមានភ្លៀងធ្លាក់ខ្លាំងជាងនេះទៀត គឺដល់ទៅ១ម៉ែត្រ ។
នៅទីក្រុងស៊ីដនី ដែលជាទីក្រុងធំបំផុតរបស់អូស្ត្រាលី នឹងមានភ្លៀងធ្លាក់ខ្លាំង អាចបង្កឲ្យមានគ្រោះទឹកជំនន់ និងខ្យល់កន្ត្រាក់ មានល្បឿនខ្យល់ដល់ទៅ៩០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ចំណែកនៅតំបន់សមុទ្រអូស្ត្រាលីវិញអាចនឹងមានរលកធំៗកើនឡើងដល់ទៅ៥ម៉ែត្រ ។
នៅល្ងាចថ្ងៃទី ២០ខែមីនា អភិបាលរដ្ឋ NSW លោកស្រី Gladys Berjiklian បានព្រមានថា ភ្លៀងធ្លាក់ខ្លាំងនៅតែអូសបន្លាយ រហូតដល់សប្តាហ៍ក្រោយក្នុងតំបន់ជាច្រើនក្នុងរដ្ឋ។ លោកស្រីបានបន្តទៀតថា ខ្យល់ខ្លាំងបណ្តាលឲ្យ ផ្ទះ៣០ខ្នងរងការខូចខាត និងពលរដ្ឋជា១០០០ គ្រូសារគ្មានអគ្គិសនីប្រើប្រាស់៕
ដោយ ៖ធីរីណា (រូបភាព៖Guardian)