បណ្តារដ្ឋមន្ត្រីការបរទេសអឺរ៉ុបនឹងអនុម័តដាក់ទណ្ឌកម្មទៅលើមន្ត្រីយោធា១១រូបរបស់មីយ៉ាន់ម៉ា នៅថ្ងៃទី២២ខែមីនា ។
ការដាក់ទណ្ឌកម្ម រួមមានបង្កកប្រាក់ និងហាមប្រាមចូលក្នុងទឹកដីអឺរ៉ុប ។
តាមសារព័ត៌មាន AFP បានផ្សាយថា សហគមន៍អឺរ៉ុបបានព្រមព្រៀងគ្នាដាក់ទណ្ឌកម្មលើមន្ត្រីយោធាមីយ៉ាន់ម៉ា ដែលបានធ្វើរដ្ឋប្រហារ ហើយចាប់ខ្លួនមន្ត្រីរដ្ឋាភិបាលស៊ីវិលជាច្រើនរូប ក្នុងនោះក៏មានលោកស្រីអោងសាន ស៊ូជីផងដែរ។ ការសម្រេចខាងលើកើតឡើងក្រោយពេលរដ្ឋមន្ត្រីការបរទេស ទាំង២៧ប្រទេស នឹងបោះឆ្នោតអនុម័តនៅថ្ងៃទី២២ខែមីនា។
ជាមួយគ្នានេះដែរ សហគមន៍អឺរ៉ុប ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ បិទខ្ទប់សេដ្ឋកិច្ចរបស់យោធាមីយ៉ាន់ម៉ា ។ ការដាក់ទណ្ឌកម្មដំបូងបង្អស់របស់អឺរ៉ុប ទៅលើមន្ត្រីយោធាមីយ៉ាន់ម៉ា គឺមិនសំដៅទៅលើក្រុមហ៊ុនដែលមានភាគហ៊ុនយោធាឡើយ។ ប៉ុន្តែក្រុមហ៊ុនគ្រប់គ្រងដោយយោធាផ្ទាល់អាចនឹងរងការដាក់ទណ្ឌកម្មនៅដើមសប្តាហ៍ក្រោយ។
កម្លាំងទាហានមីយ៉ាន់ម៉ាទទួលបានផលប្រយោជន៍ជាច្រើនក្នុងវិស័យសេដ្ឋកិច្ចជាតិ ក្នុងនោះមានការខួងយកប្រេង ធនាគារ ទេសចរណ៍។ កន្លងមក អឺរ៉ុបក៏បានហាមប្រាមលក់អាវុធទៅឲ្យមីយ៉ាន់ម៉ា ដោយសារតែការប្រើអំពើហិង្សា ទៅលើក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
កន្លងមកអាមេរិក អង់គ្លេស ក៏បានដាក់ទណ្ឌកម្មទៅលើមន្ត្រីយោធាមីយ៉ាន់ម៉ាដែលបានធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលស៊ីវិល។
មកទល់ពេលនេះមានបាតុករមីយ៉ាន់ម៉ា ដល់ទៅ២៣៤នាក់ហើយបានស្លាប់ ដោយការប្រើហិង្សាបង្ក្រាប់ពីកម្លាំងយោធា និងមានបាតុករ ២០០០នាក់ ត្រូវបានចាប់ខ្លួន គិតមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ នៅពេលនេះដែរ មានពលរដ្ឋមីយ៉ាន់ម៉ាជាង ១០០០នាក់ហើយបានភៀសខ្លួនទៅកាន់រដ្ឋ Mizoram ប្រទេសឥណ្ឌា ៕ ដោយ៖ធីរីណា
រូបភាព៖ttxvn
រូបភាព៖AP