ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៧៣នាក់ថែមទៀត ក្នុងនោះ៧១ជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ»និង២នាក់អ្នកដំណើរបរទេស ខណៈអ្នកជំងឺចំនួន១៧នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
បេីតាមការសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា រកឃេីញករណីឆ្លងថ្មីចំនួន ៧៣នាក់
-សហគមន៍ ៧១នាក់
-អ្នកដំណើរពីបរទេស ០២នាក់ ក្នុងនោះ៖ ភ្នំពេញ (២៨) ព្រះសីហនុ (៣២) កំពង់ធំ (៥) កណ្ដាល (៣) សៀមរាប (១) ព្រៃវែង (១) កែប (១)។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ៖
– អ្នកឆ្លងសរុប= ១៧៥៣ នាក់
– អ្នកជាសះស្បើយ= ៩៦៧ នាក់
– អ្នកកំពុងព្យាបាល= ៧៨១ នាក់
– អ្នកស្លាប់= ០៣ នាក់
ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ធីតា អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង សហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ មន្ទីរពិសោធន៍ នៃមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពិសោធន៍វេជ្ជសាស្រ្តនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលបាន ខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវីដ-១៩ ព្រម ទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcrToh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញ យកមកប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ២៨ ឬ ០១២ ៨៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕ដោយ៖ស តារា