ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចពិជ័យសេនា ៖ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូហ្វាមនឹងមកដល់នៅថ្ងៃទី ៣១ខែមីនា

ចែករំលែក៖

ភ្នំពេញ៖ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយបន្ថែមរបស់សាធារណៈរដ្ឋប្រជាមានិតចិននឹងមកប្រទេស

កម្ពុជា នាពេលប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ថ្លែងនៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា វ៉ាក់សាំងស៊ីណូហ្វាមដែលជាជំនួយលើកទី២ របស់ចិន ចំនួន៣០ម៉ឺនដូស នឹងមកដល់ប្រទេសកម្ពុជាយើង នាពេលឆាប់ៗខាងមុខ នេះ ហើយវ៉ាក់សាំងនេះនឹងប្រគល់ជូនមកក្រសួងការពារ ជាតិ ដើម្បីដាក់ចូលក្នុងឃ្លាំង នឹងបន្ដចាក់ជូនកងទ័ព និងគ្រួសារកងទ័ព»។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបញ្ជាក់ថា នៅពេលវ៉ាក់សាំងស៊ីណូហ្វាម ដឹកមក ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្ដេចជាអ្នកអញ្ជើញទៅទទួលដោយផ្ទាល់ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

បើយោងតាមលិខិតរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ផ្ញើទៅកាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញឲ្យដឹងថា វ៉ាក់សាំងនេះ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃប្រទេសកម្ពុជា នាវេលាម៉ោង១៩៖០០នាទីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ៕

 

 

ដោយ៖ សូរិយា


ចែករំលែក៖