ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលព្រែកហូរឃាត់ខ្លួនពាក់ព័ន្ធនឹងករណីគ្រឿងញៀន។ ការឃាត់ខ្លួនជនសង្ស័យនេះកម្លាំងសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង១៨៖៥៥នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្លូវលំក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ អឿន សុខហៀង ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិតាក្ដុល សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាអ្នកបើកបររថយន្ដ។

   ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖

-ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន៧កញ្ចប់ (ធំ៤,តូច៣)

-ម៉ូតូ១គ្រឿង ម៉ាកScoopy ពណ៌ក្រហម ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BE-2824។

-ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

-ឧបករណ៍សម្រាប់ប្រើប្រាស់សារធាតុញៀន (កន្ទោង) ចំនួន៣។

-ទូរស័ព្ទចំនួន២គ្រឿង (ម៉ាកvivo ពណ៌ក្រហមចំនួន១ និងម៉ាកNokia អិនចុចពិល ពណ៌ខ្មៅចំនួន១)។

-កាបូបដៃពណ៌ខ្មៅចំនួន១។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា មុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកហូរបានចេញល្បាតដល់ចំណុចកើតហេតុខាងលើឃើញជនសង្ស័យកំពុងតែជិះម៉ូតូដោយមានការសង្ស័យក៏ឃាត់សួរនាំនិងឆែកឆេររកឃើញថ្នាំញៀន ចំនួន៧កញ្ចប់លាក់ទុកនៅក្នុងកែបម៉ូតូ រួចយកមកប៉ុស្តិ៍ដើម្បីសួរនាំ។

   នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងអស់នេះខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ រស់នៅភ្នំពេញក្នុងតម្លៃ១៥០$។

   បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ៖ ស សម


ចែករំលែក៖