ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនគេចមិនទាន់ទៅបុកគោហើយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យស្រុកបរិបូរណ៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានរងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ក្រោយពីយុវជនរូបនេះបានជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនទៅបុកសត្វគោមួយក្បាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង១២នាទីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅចំណុចចន្លោះភូមិក្រោយជី ឃុំពពេល និងភូមិថ្លុកជ្រៅ ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍។

  ប្រជាពលរដ្ឋដែលស្ថិតនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខភ្នំពេញ 1CV- 8044 ក្នុងល្បឿនយ៉ាងលឿនពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុបានវាក់នឹងសត្វគោមួយក្បាល ក៏បានបុកពេញមួយទំហឹងតែម្តង បណ្តាលឲ្យសត្វគោដួលបាក់ជើងម្ខាង ចំណែកឯជនរងគ្រោះដួលបោកក្បាលហូរឈាមសន្លប់ស្តូកស្តឹង បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកក៏បានស្លាប់ទៅ។

  សមត្ថកិច្ចបានឲ្យដឹងថា  រហូតមកដល់ពេលនេះ ជនរងគ្រោះពុំស្គាល់អត្តសញ្ញាណនោះទេ ហើយសពជនរងគ្រោះបានតម្កល់ទុកនៅមន្ទីរពេទ្យដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕ដោយ៖ ចន្ថា


ចែករំលែក៖