ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ មានអ្នកពាក់ព័ន្ធអ្នកឆ្លងកូវីដ-១៩ កើនដល់២១៤នាក់ហើយ និងត្រូវបានយកសំណាកទៅពិនិត្យនៅខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ភ្នំពេញ ៖ បើតាមការបញ្ជាក់អោយដឹងពីលោក ប្រធានមន្ទីរសុខាភិបាលខេត្តប្រាប់ថា ក្នុងខេត្តកំពង់ឆ្នាំង គិតត្រឹមល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរបានស្វែងរកអ្នកពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ-១៩ ចំនួន ១៤៦នាក់បន្ថែមទៀត ធ្វើឲ្យអ្នកពាក់ព័ន្ធសរុបកើនរហូតដល់ ២១៤នាក់។ ទោះជាយ៉ាងនេះក្តី អ្នកពាក់ព័ន្ធទាំងអស់ ត្រូវបានយកសំណាកទៅធ្វើតេស្ត នៅវិទ្យាស្ថានប៉ាស្ទ័រ ឯរាជធានីភ្នំពេញ រួចរាល់ហើយ ដើម្បីរកជំងឺកូវីដ-១៩ ដែលសង្ឃឹមអវិជ្ជមានចុះ រួចផុតពីជំងឺដ៏កាចសាហាវមួយនេះ។

នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថា, កាលពីថ្ងៃទី២៣ ខែមីនា អាជ្ញាធរបានរកឃើញអ្នកពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ-១៩ ចំនួន ៦៨នាក់ ហើយគិតត្រឹមល្ងាចថ្ងៃទី២៤ ខែមីនានេះ អាជ្ញាធរបានរកឃើញអ្នកពាក់ព័ន្ធ ១៤៦នាក់ទៀត ធ្វើឲ្យអ្នកពាក់ព័ន្ធកើនដល់ ២១៤នាក់។
សូមជម្រាបថា ព្រឹត្តិការណ៍ស្វែងរកអ្នកពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ-១៩ បានធ្វើឡើងបន្ទាប់ពី កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មានពលរដ្ឋ ២នាក់ប្ដីប្រពន្ធ មកពីរាជធានីភ្នំពេញ បានមើលចម្ការរបស់ពួកគេ ស្ថិតនៅក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ដោយពួកគេទាំង២ នាក់មានផ្ទុកមេរោគកូវីដ-១៩ រួចទៅហើយ។ អ្នកទាំងពីរ មានទីលំនៅផ្ទះលេខ 91F ផ្លូវ ២០៨ បុរីវិមានភ្នំពេញ ស្ថិតក្នុងភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវក្រសួងសុខាភិបាលប្រកាសថា ឆ្លងកូវីដ-១៩ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

លោកប្រធានមន្ទីរសុខាភិបាលថ្លែងថា, ៖ «ថ្ងៃនេះក្រុមគ្រូពេទ្យខេត្តកំពង់ឆ្នាំង បន្តយកសំណាកពីប្រជាពលរដ្ឋ ចំនួន ១៤៦នាក់បន្ថែមទៀត នៅលើទីតាំងចំនួន ៣កន្លែង។ ក្នុងនោះ មានទីតាំងមណ្ឌលសុខភាពពង្រ មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងទីតាំងមណ្ឌលធ្វើចត្តាឡីស័កស្រុករលាប្អៀរ»។

លោកបញ្ជាក់ថា, បន្ទាប់ពីមានព្រឹត្តិការណ៍ខាងលើនេះកើតឡើង អាជ្ញាធរខេត្តកំពង់ឆ្នាំង បានប្រឹងប្រែងតាមរកអ្នកពាក់ព័ន្ធទាំងអស់ ទៅពិនិត្យ និងធ្វើចត្តាឡីស័កផងដែរ។
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ដែលជាប្រធានគណៈកម្មការកូវីដ-១៩ ខេត្តកំពង់ឆ្នាំង ក៏បានកោះប្រជុំជាបន្ទាន់ ដោយបានកំណត់នូវវិធានការយ៉ាងម៉ឺងម៉ាត់ ដោយត្រូវតែបន្តតាមរកអ្នកដែលពាក់ព័ន្ធផ្ទាល់ ដើម្បីយកមកដាក់ធ្វើចត្តាឡីស័កឲ្យបានគត់មត់។
លោកបន្តថា, -បន្តស្រាវជ្រាវអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីយកសំណាកអ្នកពាក់ព័ន្ធផ្ទាល់ និងដាក់ឲ្យចត្តាឡីស័ក។
-បន្តគ្រប់គ្រង និងយកសំណាកអ្នកពាក់ព័ន្ធនៅសាលាស្រុករលាប្អៀរ និងបាញ់ថ្នាំសម្លាប់មេរោគ។
-បិទផ្សារពង្រជាបណ្តោះអាសន្ន ដែលស្ថិតនៅក្នុងឃុំពង្រ ស្រុករលាប្អៀរ ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ របស់ដល់មានការជូនដំណឹងជាថ្មី។
-ជូនដំណឹងដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល មកពិនិត្យ និងយកសំណាកនៅមណ្ឌលសុខភាពពង្រ ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ រហូតដល់អស់។
សូមជម្រាបជូនថា, រហូតដល់ម៉ោង​ ១២និង០០នាទី​ ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ២៩នាក់​ (ឆ្លងសហគមន៍​ ២៧នាក់​ និង​ នាំចូល​ ២នាក់) និងមានជាសះស្បេីយ​ ៣៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១៨១៧នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ៧៧៧នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ១០៣៣នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១​ សរុប​ស្លាប់ ៥នាក់ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាតត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 654809 ស្មេីនឹង​ 38976 ក្នុង១លាន នាក់។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

ដោយ ៖ សិលា


ចែករំលែក៖