ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍កម្ពុជា លោក អាន សុខខឿន បានប្រើប្រាស់សិទ្ធិឆ្លើយតបទៅនឹងគណៈប្រតិភូហ្វាំងឡង់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍កម្ពុជា លោក អាន សុខខឿន បានប្រើប្រាស់សិទ្ធិឆ្លើយតបទៅនឹងគណៈប្រតិភូហ្វាំងឡង់ នៅកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី១០ ស្ដីពី “កិច្ចសហប្រតិបត្តិការបចេ្ចកទេស” នាសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលមានខ្លឹមសារដូចខាងក្រោម:

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅហ្សឺណែវ បានធ្វើបទអន្តរាគមន៍ ដោយឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា លោក អាន សុខខឿន នាសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី១០ ស្តីពី កិច្ចសហប្រតិបត្តិការបច្ចេកទេស “សិទ្ធិឆ្លើយតបទៅនឹងគណៈប្រតិភូហ្វាំងឡង់។
លោកស្រីប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្ស !
1. គណៈប្រតិភូយើងខ្ញុំសូមប្រើប្រាស់សិទ្ធិឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់គណៈប្រតិភូ ហ្វាំងឡង់។
2. យើងខ្ញុំកត់សម្គាល់ដោយការខកចិត្តយ៉ាងខ្លាំង ចំពោះគណៈប្រតិភូខាងលើដែលបានបដិសេធ មិនប្រកាន់យកវិធីសាស្ត្រប្រកបដោយភាពសត្យានុម័ត ជ្រើសរើសតែមួយជ្រុង និងមិន ធ្វើនយោបាយូបនីយកម្ម នៅពេលវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងន័យនេះ យើងខ្ញុំសូមផ្តល់ជូនអង្គប្រជុំនូវតថភាពមួយចំនួន ដូចតទៅ៖

– ទី១៖ ការអំពាវនាវឱ្យកម្ពុជាសហការជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សបាន បង្ហាញឱ្យឃើញយ៉ាងច្បាស់នូវការមិនអើពើរបស់ហ្វាំងឡង់ចំពោះការពិតនៅកម្ពុជា។ វត្តមានជិតបីទសវត្សរនៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស ប្រចាំកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៣ មក ដែលបច្ចុប្បន្ននេះ ក្លាយជាការិយាល័យវ័យចំណាស់ជាងគេបំផុតនៅលើ ពិភពលោក គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការដោយបើកចំហ និង ស្ថាបនារបស់កម្ពុជា ជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ កាលពីខែធ្នូ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានបន្តសុពលភាពអនុស្សរណៈយោគយល់ ជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលប្រការនេះស្តែង ឱ្យឃើញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តឥតងាករេ របស់កម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស គ្រប់ប្រភេទ តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេស។

– ទី២៖ ជារឿងគួរឱ្យអស់សំណើចដែលហ្វាំងឡង់ទើបប្រកាសបិទប្រទេស និងដាក់ប្រទេស ក្នុងភាពអាសន្ន ធ្វើឱ្យមានការរឹតត្បិតសេរីភាពមូលដ្ឋានរបស់ប្រជាជនខ្លួន នាពេលថ្មីៗនេះ បែរជាមកទាមទារឱ្យកម្ពុជា គោរពសិទ្ធិពលរដ្ឋនិងនយោបាយ ជាងសិទ្ធិដទៃទៀត។ ទង្វើនេះគឺងាកចេញពីគន្លងនៃវិធីសាស្រ្តរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ។
សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖