ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០៩ នាក់ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកជើងធាក់ម៉ូតូជនរងគ្រោះឲ្យដួលរងរបួស រួចនាំ គ្នាចុះយកមួកសុវត្ថិភាព និង ខ្សែក្រវ៉ាត់ដេញវាយលើជនរងគ្រោះ) ប្រព្រឹត្តនៅចំណុចមុខក្លឹបហាត់ប្រាណ ផ្លូវជាតិលេខ២ ភូមិព្រែកតាទូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសដែលមាន បញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ។
សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើង០១ក្រុម មានគ្នាចំនួន១៨នាក់ បានធ្វើសកម្មភាពប្រើជើងធាក់ម៉ូតូរបស់ជនរងគ្រោះដែលកំពុងជិះ០២នាក់ បណ្តាលឱ្យដួលទៅលើថ្នល់អូសជាច្រើនម៉ែត្រ បន្ទាប់មកក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាចុះ និងកាន់មួកសុវត្ថិភាព និងខ្សែក្រវ៉ាត់ដេញវាយទៅលើជនរងគ្រោះបន្ថែម ទៀត ស្ថិតនៅចំណុចមុខក្លឹបហាត់ប្រាណ ផ្លូវជាតិលេខ២ ភូមិព្រែកតាទូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង ៣០ នាទីយប់ ។ រហូតមកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ច ក៏បានស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៩ នាក់ ជាបន្តបន្ទាប់ មាន ១-ឈ្មោះ រិទ្ធ វិបុល ហៅ ប៊ុល ភេទប្រុស កើតឆ្នាំ២០០៨ ២-ឈ្មោះ សែម ពន្លឺ ភេទប្រុស កើតឆ្នាំ២០០៦ ៣-ឈ្មោះ ផា រ័ត្ន ភេទប្រុស កើតឆ្នាំ២០០៧ ៤- ឈ្មោះ សំអាង វិទូ ភេទប្រុស កើតឆ្នាំ ២០០៧ ៥-ឈ្មោះ ហុក យូរ ភេទប្រុស ឆ្នាំកំណើត២០០៦ ៦-ឈ្មោះ សួន លីហេង ភេទ ប្រុស កើតឆ្នាំ ២០០៧ ៧-ឈ្មោះ សី អ៊ែនជី ភេទស្រី កើតឆ្នាំ២០០៧ ៤-ឈ្មោះ ផន សុផាលីន ភេទស្រី កើតឆ្នាំ២០០៦និង ៩- ឈ្មោះ សួង ចន្ទសុភាវី ភេទស្រី កើតឆ្នាំ២០០៨ ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹង កំពុងស្រាវជ្រាវបន្ត។
បច្ចុប្បន្នក្រុមជនត្រូវចោទជាក្មេងទំនើងទាំងនេះកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបបន្ត៕
ដោយ ៖ រ៉ារ៉ា