ភ្នំពេញ៖ ដោយសារតែរថយន្តបែនដឹកដី បេីកបរចាក់ដីរួចរាល់ហេីយមិនបានទម្លាក់បែនចុះមកក្រោមវិញ បណ្ដាលឲ្យទាក់ខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ធ្វើឲ្យបាក់បង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) មួយដើម ដាច់ភ្លើងនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។
បេីយោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F19&F22) មូលហេតុមានរថយន្តបែនដឹកដីមិនបានទម្លាក់បែន បណ្តាលឲ្យទាក់ខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ធ្វើឲ្យបាក់បង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) មួយដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវចំការដូង ភូមិខ្វា ភូមិស្រុកចេក ភូមិព្រែកប្រណាក់ ភូមិបានគូ សង្កាត់ជើងឯក សង្កាត់ដង្កោ និងសង្កាត់ព្រៃស ខណ្ឌដង្កោ (២)សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (៣) សង្កាត់ចោមចៅ ខណ្ឌពោធិ័សែនជ័យ រាជធានីភ្នំពេញ (៤) ភូមិតាក្តុល ភូមិខ្ពប១ ភូមិខ្ពប២ ភូមិព្រែកហូខាងលិច និងភូមិព្រែកហូខាងកើត សង្កាត់ព្រែកសំរោង សង្កាត់តាក្ដុល សង្កាត់កំពង់សំណាញ់ សង្កាត់ព្រែកឫស្សី និងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១៨ និង០០នាទីព្រលប់ថ្ងៃដដែល។
ទន្ទឹមនឹងនេះអគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន។
ជាមួយគ្នានេះដែរ អគ្គិសនីកម្ពុជា ក៏បានប្រកាសសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។
ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន៕ដោយ៖ស តារា