ព័ត៌មានទាន់ហេតុការណ៍៖

លួចទូរស័ព្ទដៃគេបានហើយឆាតទៅខ្ចីលុយមិត្តភក្កិរបស់ម្ចាស់ទូរស័ព្ទ ជនរងគ្រោះរៀបគម្រោងតាមឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់លួចទូរស័ព្ទពីជនរងគ្រោះបានសម្រេចប្រហែល៧ម៉ោងហើយត្រូវម្ចាស់ទូរស័ព្ទតាមក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ច ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង០០នាទីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅមុខវត្តជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ សុខ ណារី អាយុ៣១ឆ្នាំ មុខរបស់លើកអីវ៉ាន់ ស្នាក់នៅបន្ទប់ជួលក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីជនរងគ្រោះដែលមានឈ្មោះ អិន តុលា អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា កាលពីព្រឹកថ្ងៃកើតហេតុខ្លួនបានដេកនៅក្នុងបន្ទប់រួចហើយក៏បានទុកទូរស័ព្ទជាប់នឹងខ្លួនហើយក៏ដេកលង់លក់ទៅ លុះព្រឹកឡើងស្រាប់តែឃើញទ្វារចំហ ហើយទូរស័ព្ទក៏បាត់ទៀតទើបមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣។ រហូតមកដល់វេលាម៉ោង២រសៀលជនសង្ស័យបានយកទូរស័ព្ទនោះទៅឆាតខ្ចីលុយមិត្តភក្កិរបស់ខ្លួន។ឃើញដូច្នេះខ្លួនក៏រកវិធីបោកជនសង្ស័យឲ្យយកទូរស័ព្ទមកឲ្យនៅមុខវត្តជម្ពូវ័នក៏ឃាត់ខ្លួនបានតែម្តង រួចក៏នាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីឱ្យសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖