ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប្រើវិធានញុះញង់ឃាត់ខ្លួនបាន២នាក់និងម្សៅក្រាមសថ្លាមួយថង់តូចបញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តធ្វើការបង្ក្រាបនិងរឹបអូសបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់តូចនិងសម្ភារសំរាប់សេពមួយចំនួនទៀតផងដែរ។

ការបង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននោះសមត្ថកិច្ចបានធ្វើឡើងនៅ
វេលាម៉ោង១៣៖៣០នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នៅចំណុចផ្ទះជួលស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែងក្រុងបានលុង ខេត្តរតនគិរី។

សមត្ថកិច្ចអនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនដោយកម្លាំងបានប្រើតាមវីធានញុះញង់ នៅចំណុចផ្ទះជួលជនសង្ស័យស្នាក់នៅភូមិ.សង្កាត់ខាងលើ។

មានសម្របសម្រួលនីតិវិធីដោយ លោក លាង អូ ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តផងដែរ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់និងម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់តូចនិងសម្ភារសំរាប់សេពមួយចំនួនទៀត។

ជនសង្ស័យទី១.ឈ្មោះ ជុំ វិត ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរមានទីលំនៅបច្ចប្បន្នភូមិអូរកន្សែងសង្កាត់បឹងកន្សែងក្រុងបាលុងខេត្តរតនគិរីដែលមានស្រុកកំណើតនៅភូមិបឹងជន្លេនឃុំឬស្សីជ្រោយស្រុកមុខកំពូលខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។
ទី២.ឈ្មោះ ចាន់ វាសនា ភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមានលំនៅបច្ចុប្បន្នភូមិអូរកន្សែង សង្កាត់បឹងកន្សែងក្រុងបានលុង ខេត្តរតនគិរី។

វត្តុតាងដែលដកហូតបានរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសាធាតុញៀនចំនួន១ថង់តូច ទម្ងន់មិនទាន់ថ្លឹងនិងលុយញុះញង់ ចំនួន១៥ម៉ីនរៀលទូរស័ព្ទដៃចំនួន២គ្រឿងសម្ភារសម្រាប់សេពចំនួនមួយផងដែរ។

ក្រោយឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងត្រូវបានឃាត់ខ្លួននិងរក្សាទុកបណ្តោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តអនុវត្តតាមនីតិវិធីច្បាប់បន្ត៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖