ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកជាប្តីដែលអារ.កសម្លាប់ប្រពន្ធនៅស្រុកទឹកផុសត្រូវបានសមត្ថកិច្ចចាប់បានហើយក្រោយពីគេចខ្លួនបានជាង២ខែ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ឃាតកជាប្តីដែលយកកាំបិតអារ.ក សម្លាប់ប្រពន្ធទាំងកណ្តាលយប់នៅស្រុកទឹកផុសនោះ ពេលនេះសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនបានហើយកាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោយពីបានគេចខ្លួនអស់រយៈពេលជាង២ខែមក ។

  លោក ឌុច ចំរើន ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ជនសង្ស័យជាឃាតកនេះមានឈ្មោះ ម៉ី ម៉ាប់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ចំណែកជនរងគ្រោះមានឈ្មោះ អឿន រ៉េន ភេទស្រី អាយុ៣៣ឆ្នាំ 

  លោកឌុច ចំរើន បានឱ្យដឹងថា ជនសង្ស័យនិងជនរងគ្រោះបានរស់នៅជាមួយគ្នាជាប្តីប្រពន្ធជាង១ឆ្នាំហើយ ដោយស្រ្តីរងគ្រោះជាស្ត្រីមេម៉ាយមានកូន២ ហើយក្រោយពីបានស្រឡាញ់គ្នាជាមួយជនសង្ស័យក៏មានកូនម្នាក់បន្ថែមទៀត ។ នៅមុនពេលកើតហេតុ គឺថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ប្តីប្រពន្ធទាំងពីរនាក់បានទាស់សម្តីគ្នានៅផ្ទះបងប្អូនខាងស្រីរងគ្រោះ ពេលនោះស្រ្តីរងគ្រោះបានគប់បុរសជាប្តីនិឹងទូរស័ព្ទ។ លុះដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ពេលមកដល់ផ្ទះវិញនៅពេលយប់ជ្រៅ កូនតូចមានអាយុ១ខួបបានយំឃ្លានបៅ ហើយបុរសជាប្តីបានដាក់ទឹកដោះគោឲ្យកូនបៅ និងបាននិយាយប្រាប់ទៅកូនថា ចាប់ពីពេលនេះទៅប៉ាឈប់លែងបានបំបៅកូនទៀតហើយ ដោយសារម្តាយឯងមានប៉ាថ្មី ។ ស្រ្តីរងគ្រោះឮដូចនេះ ក៏ធាក់ជនសង្ស័យជាប្តីមួយជើងដួលផ្ងារក្រោយរួចស្រ្តីរងគ្រោះក៏ដេកដូចធម្មតាវិញ ។ ដោយសារតែខឹងនឹងស្រ្តីរងគ្រោះធាក់បុរសជាប្តីក៏ស្ទុះទៅយកកាំបិតដែលសៀតនឹងជញ្ជាំង យកទៅអារ.កស្រ្តីរងគ្រោះរហូតដល់ស្លាប់តែម្តង 

  លោកឌុច ចំរើនបានឱ្យដឹងទៀតថា ក្រោយពីសម្លាប់ជនរងគ្រោះរួចជនសង្ស័យបានរត់គេចខ្លួនចេញពីខេត្តកំពង់ឆ្នាំងទៅខេត្តផ្សេងទៀតដោយដេកតាមផ្ទះសំណាក់ ម្តងខេត្តនេះម្តងខេត្តនោះ រហូតដល់ថ្ងៃទី២៩ ខែមីនា ជនសង្ស័យបានវិលចូលមកខេត្តកំពង់ឆ្នាំងវិញ មកដេកនៅផ្ទះសំណាក់ក្នុងភូមិទួលក្រឡាញ់ សមត្ថកិច្ចដឹងក៏បានដាក់កម្លាំងចាប់បានតែម្តង ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕ដោយ៖ ចន្ថា


ចែករំលែក៖