ប្រធានាធិបតីប្រេស៊ីលបានសម្រេចផ្លាស់ប្តូរតំណែងរដ្ឋមន្ត្រីដល់ទៅ៦រូបក្នុងពេលតែមួយ ក្នុងពេលដែលលោកប្រឈមនឹងសម្ពាធយ៉ាងខ្លាំងដែលមិនអាចគ្រប់គ្រងការឆ្លងកូវីដ-១៩ បានល្អ ។
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានសម្រេចកែទម្រង់រដ្ឋាភិបាល ដោយផ្លាស់ប្តូរតំណែងរដ្ឋមន្ត្រីដល់ទៅ៦រូបក្នុងពេលតែមួយ ។ លិខិតលាលែងចេញពីតំណែង ត្រូវបានរដ្ឋាភិបាលប្រេស៊ីលបានប្រកាសនៅថ្ងៃទី ២៩ខែមីនា (ពេលវេលាក្នុងតំបន់) ដើម្បីតែងតាំងរដ្ឋមន្ត្រីថ្មីវិញ ។ បច្ចុប្បន្នមានតែរដ្ឋមន្ត្រីពីររូបប៉ុណ្ណោះដែលបន្តរក្សាតំណែងដដែល គឺ រដ្ឋមន្ត្រីការពារជាតិនិង ការបរទេស។
ក្នុងចំណោមរដ្ឋមន្ត្រី គឺរដ្ឋមន្ត្រីក្រសួងសុខាភិបាលត្រូវផ្លាស់ប្តូរច្រើនជាងគេបង្អស់ ដោយផ្លាស់ប្តូរ រដ្ឋមន្ត្រី៥រូបមកហើយ ដោយសារតែបញ្ហាកូវីដ-១៩ ដោះស្រាយមិនបានល្អ។
ប្រេស៊ីលជាប្រទេសមានករណីឆ្លងកូវីដ-១៩ច្រើនបំផុតដោយមានអ្នកឆ្លងជាង១សែននាក់ក្នុងមួយថ្ងៃ និងស្លាប់ជាង៣០០០នាក់ ។ ប្រេស៊ីលបានហក់ឡើងលំដាប់ទីពីរបន្ទាប់ពីអាមេរិក ដោយមានអ្នកឆ្លងជាង១២,៥លាននាក់និងស្លាប់ជាង៣១៤ពាន់នាក់ ។
ប្រេស៊ីលបានបើកយុទ្ធនាការចាក់វ៉ាក់សាំង តាំងពីខែមករាឆ្នាំ២០២១ ប៉ុន្តែសកម្មភាពនៃការចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវ ។ មកទល់ពេលនេះមានពលរដ្ឋ ជិត៦%ប៉ុណ្ណោះបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ក្នុងចំណោមពលរដ្ឋសរុបក្នុងប្រទេសនេះចំនួន២១២លាននាក់។ ចំណែកពលរដ្ឋដែលបានចាក់វ៉ាកសាំងដូសទីពីរមានតែ៣ភាគរយប៉ុណ្ណោះ៕ដោយ៖ធីរីណា
រូបភាព៖ Plo