ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រតិបត្តិសាខាស្វាយរៀងបន្តចុះធ្វើ យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋរស់នៅតាមទីប្រជុំជន តាមផ្លូវសាធារណៈ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសុខភាពបងប្អូន ពុកម៉ែ ប្រជាពលរដ្ឋ នៅតាមសហគមន៍ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងដើម្បីចូលរួមការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈកំពុងបន្តតែផ្ទុះរាលដាលខ្លាំងជាបន្តបន្ទាប់ នៅថ្ងៃ ទី៣១ ខែ មីនា ឆ្នាំ ២០២១ នេះលោក 

ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានចាត់ឲ្យក្រុមប្រតិបត្តិសាខាបន្តចុះធ្វើ យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋរស់នៅតាមទីប្រជុំជន តាមផ្លូវសាធារណៈ ត្រង់ចំណុចផ្សារកន្ទុយវ៉ៃ សង្កាត់ចេក ផ្សារស្វាយជ្រំ ស្រុកស្វាយជ្រំ និងតាមទីប្រជំុជនក្នុងក្រុង ស្វាយរៀង ដែលក្រុមការងារបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានចំនួន ៣១០នាក់ ស្រី២៨៥នាក់ ។

យោងតាមក្រុមការងារប្រតិបត្តិសាខាស្វាយរៀងបានឱ្យដឹងថា យុទ្ធនាការផ្សព្វផ្សាយនេះក្នុងគោលបំណងដើម្បីចូលរួមផ្សព្វផ្សាយជូនដល់បងប្អូន ប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពីវិធានការការពារនិងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំង ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា ។

ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះដែរ ក្រុមការងារផ្សព្វផ្សាយបានប្រើប្រាស់ អាល់កុលលាងដៃ ចែកម៉ាស់ចំនួន ២១០បន្ទះ បិទផ្ទាំងរូបភាពផ្សព្វផ្សាយចំនួន៥១សន្លឹក ចែកសាប៊ូ៥០ដុំ ខិត្តប័ណ្ណផ្សព្វផ្សាយពីវិធានការការពារខ្លួនពីកូវីដ-១៩ និយមន័យករណីសង្ស័យជំងឺកូវីដ-១៩ ចំនួន៣១០បណ័្ណ របៀបលាងសម្អាតដៃជាមួយសាប៊ូ នឹងទឹកចំនួន ៣១០ប័ណ្ណ និងវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ ចំនួន៣១០ប័ណ្ណ ព្រមទាំងបានផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល និងអនុក្រិត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ដោយប្រដាប់បំពងសំឡេងតាមរថយន្ត ជាពិសេសផ្សព្វផ្សាយអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “៣ ការពារ ៣កុំ ២ ចូលរួម និង សារអប់រំនានារបស់ក្រសួងសុខាភិបាល ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖