ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន​ ទទួលជួបសវនាការជាមួយឯកអគ្គរដ្ឋទូតថ្មីប្រទេសសឹង្ហបុរី

ចែករំលែក៖

ភ្នំពេញ​៖​ បន្ទាប់ពីទទួលជួបសវនាការជាមួយឯកអគ្គរដ្ឋទូតថ្មីប្រទេសហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជារួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតិឲ្យលោកស្រី ទេវ ឡាយឆេង ( Teo Lay Cheng ) ឯកអគ្គរដ្ឋទូតថ្មី សាធារណរដ្ឋសិង្ហបុរី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋសភា បន្តទៀតនៅព្រឹកថ្ងៃទី៣១ ខែមីនា​ ឆ្នាំ២០២១នេះ។

នាឱកាសនោះ​ សម្តេចហេង សំរិន​ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកស្រី​ ឯកអគ្គរដ្ឋទូត​ និងចាត់ទុកបេសកកម្មការទូតរបស់លោកស្រី​ នៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែក លើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ ដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតថែមទៀត។

បន្ថែមពីនេះ​ សម្តេច​ បានគូសបញ្ជាក់ថា កម្ពុជា-សិង្ហបុរី មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៦៥ ហើយកម្ពុជាសិ្ថតនៅក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរី។ សម្តេចប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសកម្ពុជានិងសិង្ហបុរី លើវិស័យៈ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ បច្ចេកទេស អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ វប្បធម៌ សុខាភិបាល និង វិស័យការពារជាតិ។

រដ្ឋសភាកម្ពុជា​ សូមអបអរសាទររដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានចុះកិច្ចព្រមព្រៀង និង អនុស្សារណៈ ជាមួយគ្នាកន្លងមក និងលើកទឹកចិត្តអោយពិចារណារួមគ្នាលើកិច្ចសហប្រតិបត្តិការផេ្សងៗទៀតស្របតាមសក្តានុពលរបស់ប្រទេសទាំងពីរដែលមាន។

ជាមួយគ្នានេះ​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បន្តថា​ ចំពោះទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរវិញ បានបង្កើតក្រុមមិត្តភាពរដ្ឋសភា ដើម្បីបង្កបរិយាកាសឱ្យថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភា ទាំងពីរប្រទេសបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចគ្នា ផ្លាស់ប្តូរបទពិសោធន៍ការងារនីតិកម្មជាមួយគ្នា ដើម្បីធ្វើយ៉ាងណាឱ្យវិស័យការទូតសភាប្រទេសទាំងពីរ កាន់តែមានលក្ខណៈស៊ីជម្រៅថែមទៀត ដើរទន្ទឹមគ្នានិងការវិវឌ្ឍន៍នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

ដោយឡែក​លោកស្រី​ ទេវ ឡាយឆេង បានថ្លែងអំណរគុណជ្រាលជ្រៅដែលសម្តេចបានចំណាយពេលដ៍មានតម្លៃទទួលជួបសវនាការជាមួយលោកជំទាវនាឱកាសនេះ។ លោកស្រី​ បានគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចនិងបានសន្យាថានឹងខិតខំបំពេញបេសកកម្មការទូតឱ្យទទួលបានជោគជ័យនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជាទំាងនៅស្ថាប័ននីតិប្រតិបត្តិនិងនីតិប្បញ្ញត្តិ ពិសេសការកៀរគរអ្នកវិនិយោគសឹង្ហបូរីឱ្យមកបន្តាក់ទុននៅកម្ពុជាបន្ថែមទៀត៕ដោយ​៖ស​ តារា


ចែករំលែក៖