ភ្នំពេញ៖ ម៉ាស់ចំនួន១លានបន្ទះ និងភេសជ្ជៈប៉ូវកម្លាំងចំនួន១០០០កេស ត្រូវបានក្រុមហ៊ុនអង្គរដេលីហ៊្វូដ ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។
ពិធីប្រគល់និងទទួលម៉ាស់ និងភេសជ្ជៈប៉ូវកម្លាំងទាំងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្នុងសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ តាមរយៈកាយវិការដ៏ប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បានទាន់ពេលវេលា។
លោកបានបន្តថា ទឹកចិត្តសប្បុរសធម៌នេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នានៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននិងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ ។
ក្នុងឱកាសនោះលោក ឃួង ស្រេង ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនអង្គរដេលីហ៊្វូដដែលចូលរួមផ្តល់ម៉ាស់និងភេសជ្ជៈប៉ូវកម្លាំងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។
សូមបញ្ជាក់ថា៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃ ទី៣១ ខែមីនា ឆ្នាំ២០២១ បានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៦៣នាក់ ដែលសុទ្ធសឹងឆ្លងក្នុងសហគមន៍ ព្រឹត្តិការណ៍២០កុម្ភៈខណៈដែលអ្នកជំងឺចំនួន១៥នាក់បានជា សះស្បើយនិងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕ ដោយ៖ សំរិត