ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយធុនធំមួយគ្រឿងបានបើកបុកបារាសកំណត់កម្ពស់រថយន្តឆ្លងកាត់ស្ពានបាឡេ របើកទាំងគល់សសរបារាស រួមទាំងតូបយាមគោលដៅរបស់សន្តិសុខ OCIC ជាប់រថយន្តអូសប្រហែល២ម៉ែត្រ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០ នាទីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចគល់ស្ពានបាឡេ កែងផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-2777 បើកដោយបុរសម្នាក់ ចេញពីផ្លូវជាតិលេខ៥ បម្រុងឡើងស្ពានបាឡេ ខណៈពេលមកដល់ចំណុចកើតហេតុ ដោយរថយន្តបង្កមានកម្ពស់ខ្ពស់ជាងបារាសកំណត់កម្ពស់រថយន្តឆ្លងកាត់ស្ពានបាឡេ ក៏បានបុកពេញទំហឹងបណ្តាលឲ្យរបើកទាំងគល់សសរបារាស រួមទាំងទីតូបសន្តិសុខOCIC គាបជាប់រថយន្តអូសប្រហែល២ម៉ែត្រ តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។
តាមប្រភពព័ត៌មានពីតៃកុងរថយន្តបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តចេញពីផ្លូវជាតិលេខ៥ បម្រុងឡើងស្ពានបាឡេ គាត់មិនបានចាប់អារម្មណ៍ថា ស្ពានម៉ាឡេមានបារាសកំណត់កម្ពស់នោះទេ ទើបប្រឹងបន្ថែមល្បឿនរថយន្ត ដើម្បីឡើងស្ពាន ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែទ្រុងរបស់រថយន្តបុកបារាសកំណត់កម្ពស់រថយន្តឆ្លងកាត់ស្ពាន រួមទាំងតូបរបស់សន្តិសុខOCIC របើកគល់ សសរបារាសគាបជាប់រថយន្តអូសប្រហែល២ម៉ែត្រ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចកើតហេតុរួចធ្វើការវាស់វែង យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីរង់ចាំការដោះស្រាយនៅពេលក្រោយតាមនីតិវិធីច្បាប់៕ ដោយ៖ រ៉ារ៉ា