បើទោះបីអង្គការសុខភាពពិភពលោក WHO ប្រកាសរបាយការណ៍ស្រាវជ្រាវ តែភាគីអាមេរិក មិនទទួលយកឡើយដោយទាមទារឲ្យផ្តល់ព័ត៌មានឲ្យបានច្បាស់ជាងនេះ។ នៅពេលនេះដែរ ភាគីចិនក៏បានស្នើដល់អង្គការសុខភាពពិភពលោក បើកការស្រាវជ្រាវ ដោយចិនសង្ស័យថា វីរុសកូវីដ-១៩ កើតចេញពីបន្ទប់ពិសោធន៍យោធា Fort Detrick របស់អាមេរិក។
ទីក្រុងប៉េកាំង បានស្នើបើកការស្រាវជ្រាវខាងលើកើតឡើង ក្រោយពេលអង្គការ WHO ប្រកាសថា នឹងបើកការស្រាវជ្រាវស៊ីជម្រៅជាងនេះ ទៅលើទ្រឹស្តីថា កូវីដ-១៩ អាចធ្លាយចេញពីបន្ទប់ពិសោធន៍នៅវូហាន។ អង្គការសុខភាពពិភពលោកបានទៅស្រាវជ្រាវនៅវូហាន ហើយកាលពីថ្ងៃទី ៣០ ខែមីនា បានចេញរបាយការណ៍ស្រាវជ្រាវ បង្ហាញឲ្យឃើញថា វីរុសកូវីដ-១៩ មិនមែនលេចចេញពីមន្ទីរពិសោធន៍របស់ចិនឡើយ។
សារព័ត៌មាន Wall Street Journal បានផ្សាយថា នៅថ្ងៃទី១ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មាន ថា ពីមូលដ្ឋាន WHO បានលើកឡើងថា ការបែកធ្លាយវីរុសចេញពី មន្ទីរពិសោធន៍ក្នុងទីក្រុងវូហាន គឺជារឿងកម្រ។
មន្ត្រីចិនបានលើកឡើងថា«ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា មន្ទីរពិសោធន៍របស់ចិននៅវូហាន បានស្រាវជ្រាវ ប៉ុន្តែដោយឡែកមន្ទីរពិសោធន៍នៅអាមេរិក Fort Detrick មិនទាន់បើកទ្វារឲ្យក្រុមអ្នកស្រាវជ្រាវចូលទៅកាន់ទីនោះនៅឡើយទេ។ យើងសង្ឃឹមថា អាមេរិក និងបើកទ្វារ ផ្តល់ការស្រាវជ្រាវដោយស្មោះត្រង់ដូចប្រទេសចិនកន្លងមក។
ការចោទប្រកាន់ពីប្រភពកូវីដ-១៩ ក៏ជាមូលហេតុបណ្តាលឲ្យមានការរើសអើង ជាតិសាសន៍អាស៊ីនៅក្នុងទឹកដីអាមេរិក។ កន្លងមកអតីតប្រធានាធិបតីដូណាល់ ត្រាំ បានហៅវីរុសកូវីដ-១៩ ថាជាវីរុសចិន ដែលជាសកម្មភាពញុះញ៉ង់ឲ្យស្អប់ចិន ៕
ដោយ៖ ធីរីណា(រូបភាព៖AP)